ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈដែលម្ចាស់ផ្ទះ គាស់ទ្វារប្រទះឃើញ បុរសម្នាក់បានស្លាប់ក្នុងបន្ទប់ យ៉ាងអាណោចអាធ័ម ដោយសារករណីឃាតកម្ម កាលពីវេលាម៉ោង ១៩និង៣០ នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។

ជនរងគ្រោះមានឈ្មោះ ធឿន សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិថ្មដា ឃុំព្រៃពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។   

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញបុរសរងគ្រោះខាងលើ បានស្នាក់នៅក្នុងបន្ទប់ជួល ជាមួយបុរសម្នាក់ទៀត ដែលមិនស្គាល់អត្តសញ្ញាណ ហើយពេលដល់ថ្ងៃកើតហេតុ ស្រាប់តែគេឃើញបន្ទប់ចាក់សោរ ដោយមិនមាន មនុស្សចេញ-ចូល ពេលនោះម្ចាស់ផ្ទះ សង្ស័យ ហើយក៏គាស់ទ្វារបន្ទប់មើល ស្រាប់តែប្រទះឃើញ បុរសរងគ្រោះដេកស្លាប់ នៅលើគ្រែ ទើបបង្កការភ្ញាក់ផ្អើល ដល់ប្រជាលពលរដ្ឋយ៉ាងខ្លាំង និងសមត្ថកិច្ចចុះមកពិនិត្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបានចុះមកអន្តរាគមន៍ ធ្វើកោសល្យវិច័យជាក់ស្តែង គឺជាករណីឃាត កម្មសម្លាប់បុរសដោយច្របាច់ក ហើយយកម៉ូតូជិះគេចខ្លួនបាត់ មិនដឹងពីពេលណា ។ ចំណែកឯសពបុរស រងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើតតាមប្រពៃណី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]