រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជាងតោនរថយន្ត នៅក្រុមហ៊ុនដឹកជញ្ជូនគាធី ត្រូវម៉ូទ័រស្វាន១គ្រឿងឆ្លង ចរន្តអគ្គិសនីឆក់ ហើយបានស្លាប់ ខណៈមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១០ និង១០នាទិព្រឹក ថ្ងៃទី២៧ តុលា ២០១៣ នៅក្នុងក្រុមហ៊ុនដឹកជញ្ជូនខាងលើ ដែលមានទីតាំងស្ថិត នៅតាមបណ្តោយផ្លូវចោមចៅ ខាងកើតរោងចក្រកាត់ដេរ៦ជាន់ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះខា ខូ អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលកណ្តោល ឃុំជីកង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយក ម៉ូទ័រស្វាន១គ្រឿងដើម្បីធ្វើការ ហើយពេលនោះម៉ូតូមានបញ្ហាមិនស្រួល ជនរងគ្រោះបានកាន់ បម្រុងជួសជុល ដោយពុំដឹងថា ម៉ូទ័រនោះឆ្លងភ្លើងទេ ក៏បណ្តាលឱ្យឆក់ដួលសន្លប់ ស្តូកស្តឹងភ្លាមៗ។ បន្ទាប់ពីឃើញបែបនេះមិត្តភក្តិរួមការងារ បាននាំគ្នាដឹកជនរងគ្រោះទៅកាន់មន្ទីរពហុព្យាបាល និងសម្ភពអង្គរ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]