ភ្នំពេញ៖ ក្រោយពីបានហ្វឹកហាត់ និងទទួលការ បង្ហាត់បង្រៀន នូវជំនាញការងារ ជួយ សង្គ្រោះក្នុងរយៈពេល ប៉ុន្មានថ្ងៃ នៅទីក្រុងកូបេ ប្រទេសជប៉ុន ក្រុមជួយសង្គ្រោះ អង្គភាព៧១១ របស់កងពល តូចលេខ៧០ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ នេះ បានធ្វើដំណើរ ទៅទស្សនកិច្ច នៅទីក្រុង ហ៊ីរ៉ូហ្ស៊ីម៉ា ព្រមទាំងបានចុះកម្មសិក្សា នៅសកលវិទ្យាល័យពេទ្យ អន្តរជាតិ ហ៊ីរ៉ូហ្ស៊ីម៉ា ដ៏ធំនៅទីក្រុងមួយនេះ។

លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួលលើការងារ ជួយសង្គ្រោះ ដែលដឹកនាំក្រុមការងារ ទៅកាន់ទីក្រុង ហ៊ីរ៉ូហ្ស៊ីម៉ា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា «ថ្ងៃនេះក្រុម៧១១ កងពលតូចលេខ៧០ បានបន្តធ្វើដំណើរ ទៅទីក្រុង ហ៊ីរ៉ូហ្ស៊ីម៉ា ដើម្បីទៅទស្សនកិច្ច និងធ្វើកម្មសិក្សានៅ សកលវិទ្យាល័យពេទ្យ អន្តជាតិ ហ៊ីរ៉ូហ្ស៊ីម៉ា ប្រទេសជប៉ុន»។

លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានបញ្ជាក់ថា ពេលធ្វើដំណើរ ទៅដល់សកលវិទ្យាល័យ ក្រុមប្រតិភូរបស់លោក ត្រូវបានទទួលស្វាគមន៍ យ៉ាងរាក់ទាក់ ជាទីបំផុតពី សំណាក់លោក Jun Asanuma នាយកសកលវិទ្យាល័យ អន្តរជាតិ ទីក្រុង ហ៊ីរ៉ូហ្ស៊ីម៉ា (HIROSHIMA INTERNATIONAL UNIVERSITY) ។

បើតាមលោកឧត្តមសេនីយ៍ នៅសកលវិទ្យាល័យ ដ៏ធំមួយនេះ មានបំពាក់ទៅដោយសម្ភារះទំនើបៗ លើការងារជួយសង្គ្រោះ ជនរងគ្រោះ ដែលជួបគ្រោះមហន្តរាយ ផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យ ជាដើម។ សម្រាប់ទស្សកិច្ចសិក្សា នៅទីក្រុង ហ៊ីរ៉ូហ្ស៊ីម៉ា បានធ្វើឲ្យក្រុម ជួយសង្គ្រោះរបស់អង្គភាព៧១១ បានយល់កាន់តែខ្លាំង និងទទួលនូវចំណេះដឹងថ្មីៗ បន្ថែមទៀត សម្រាប់ការងារ ជួយសង្គ្រោះ ដើម្បីយកមកអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា ។

លោក សូយ ណារិទ្ធ បានថ្លែងអំណរគុណជូន ចំពោះថ្នាក់ដឹកនាំ សកលវិទ្យាល័យ ដែលបានអញ្ជើញ និងទទួលស្វាគមន៍ សម្រាប់ការស្វែងយល់ នូវការងារជួយសង្គ្រោះ អមដោយឧបករណ៍ និងសម្ភារៈទំនើបៗ ដែលបំពាក់នៅក្នុង សកលវិទ្យាល័យ។

សូមបញ្ជាក់ថា ក្រុមការងាររបស់ អង្គភាព៧១១ ដឹកនាំដោយលោកឧត្តមសេនីយ៍ សូយ ណារិទ្ធ និងលោកគ្រូ គីយ៉ូ ស៊ីម៉ាសាយ បានធ្វើការហ្វឹកហាត់ និងទទួលការ បង្ហាត់បង្រៀន ពីគ្រូជនជាតិជប៉ុន ពិសេសៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ទាំងការជួយជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ រថយន្តបុកគ្នា និងការជួយតាម ឧទ្ធម្ភាគចក្រ ជាដើម ដែលការហ្វឹកហាត់ខាងលើនេះ បានធ្វើឡើង ចាប់តាំងពីព្រឹក រហូតដល់ល្ងាច ខណៈពេលខ្លះ អមដោយមានភ្លៀង និងព្យុះយ៉ាងខ្លាំងទៀតផង។

តែយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះ៧១១ នៅតែមានសប្បាយចិត្ត ពីព្រោះពួកគេ បានទទួលនូវ ចំណេះដឹងថ្មីៗ មេរៀនល្អៗ និងជំនាញបន្ថែម ទាក់ទងនិងការងារគ្រោះមហន្តរាយទាំងនេះ។

ប្រតិភូក្រុម ការងារ ទទួលបន្ទុកលើការងារ គ្រោះមហន្តរាយ របស់កងពលតូចលេខ៧០ ចំនួន៧នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួលការងារហ្វឹកហាត់ និងមានការចូលរួមពី លោក គីយ៉ូ ស៊ីម៉ាសាយ គ្រូជនជាតិ ជប៉ុន កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ បានចាកចេញពី ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសជប៉ុន រយៈពេល២០ថ្ងៃ ដើម្បីទស្សនកិច្ចសិក្សា និងចូលរួមការ ហ្វឹកហាត់ការងារ គ្រោះមហន្តរាយ នៅទីនោះ ជាមួយបណ្តាប្រទេស ផ្សេងទៀតចំនួន១៣ ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]