រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ រូបរាងស្អាតគ្រាន់បើដែរ បុរសជាប្តីចំអន់ថា មិនស្អាត តូចចិត្តពេកទៅទិញថ្នាំងងុយដេក លេបអស់១០គ្រាប់ធ្វើអត្តឃាត ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៦ តុលា ២០១៣ នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីដែលលេបថ្នាំដើម្បីសម្លាប់ខ្លួននោះមានឈ្មោះង៉ែត ស្រីមុំ អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលកើត ហេតុខាងលើ រីឯប្តីមិនប្រាប់ឈ្មោះ មានមុខរបរជាអ្នកបើកបររថយន្តក្រុមហ៊ុនឯកជនមួយបានបង្ហើបឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ បន្ទាប់ពីចេញពីធ្វើការទាំង២នាក់ប្តីប្រពន្ធបានហូបបាយ រួចហើយអង្គុយមើលទូរទស្សន៍ជុំគ្នា (កម្មវិធីហ្វេសធូហ្វេស) ខណៈពេលកំពុងតែអង្គុយមើលកម្មវិធីនោះមាននារីស្អាតៗផាត់មុខ ឃើញបែបនេះប្រពន្ធបានសួរប្តីថា អូនស្អាតដូចគេទេ ប្តីបាននិយាយចំអែចំអន់ថា មុខអូនឯងអញ្ចឹងម៉េចនឹងស្អាតដូចគេទៅ ធ្វើឱ្យប្រកែកគ្នាចុះឡើង ហើយក៏សម្រាក ។

បុរសជាប្តីបានបន្តថា គ្រាន់តែនិយាយចំអន់លេងសើចអញ្ចឹង មិននឹកស្មានថា ប្រពន្ធតូចចិត្តតូចថ្លើមទេ ហើយឃើញនាងដើរចេញទៅក្រៅមិនដឹងថា នាងទៅណាទេ បែរជាទិញថ្នាំងងុយដេក១០គ្រាប់ យកលេបរហូតប្រកាច់បែកពពុះមាត់ ទើបបុរសជាប្តីដឹងទាន់ក៏ដឹកប្រពន្ធតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ពេលគ្រូពេទ្យពិនិត្យដឹងថា នាងលេបថ្នាំងងុយដេកធ្វើអត្តឃាត ក៏បានលាងក្រពះជម្រះជាតិពុល ឥឡូវនេះបានធូរស្រាលវិញហើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]