ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាឃាតករបាញ់សម្លាប់ឪពុក រួចចាប់កូនស្រីអាយុ១៣ឆ្នាំរំលោភ បានត្រូវឪពុកម្តាយ និងមេភូមិចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៦ តុលា ២០១៣ នៅចំណុចបន្ទាយទាហាន ស្ថិតក្នុងភូមិអំពិល ឃុំអំពិល ស្រុកម៉ាឡៃ ។

ឃាតករដ៏សាហាវយង់ឃ្នងរូបនោះឈ្មោះ សន នី អាយុ១៦ឆ្នាំ ។ បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពបានឱ្យដឹងថា ដោយយោងតាមបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក សិទ្ធិ ឡោះ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង សហការជាមួយប៉ូលិសស្រុកម៉ាឡៃចុះស្រាវជ្រាវស្វែងរកឃាតករ ដោយប្រើប្រាស់វិធីជំនាញលោងលោមឱ្យចូលខ្លួន ។

ប្រភពបន្តថា ជាលទ្ធផល រយៈពេលជាង៣០ម៉ោង ឪពុកម្តាយនិងមេភូមិបានចាប់ខ្លួនជន សង្ស័យប្រគល់ឱ្យមកសមត្ថកិច្ច ដោយដកហូតបានវត្ថុតាងមាន កាំភ្លើងម៉ាកCKC មួយដើម និងកាំភ្លើងច្នៃ២ដើមទៀត ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

សូមបញ្ជាក់ថា អំពើដ៏សាហាវយង់ឃ្នងរក លេខដាក់គ្មានមួយបានកើតឡើង គួរឱ្យថ្កោលទោសដែលឃាតករឈាមរាវម្នាក់បានបាញ់ប្រហារ បុរសម្នាក់បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង រួចហើយបានធ្វើសកម្មភាពយ៉ាងព្រៃផ្សៃ ដោយចាប់កូនស្រី របស់ជនរងគ្រោះអាយុ១៣ឆ្នាំ រំលោភសេពសន្ថវៈរហូតបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល ដោយនាំយកកាំភ្លើងចំនួន៣ដើមទៅជាមួយផងដែរ ។

អំពើដ៏សាហាវនេះត្រូវបានលោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៤ តុលា នៅចំណុចអូរថៅកែយ៉ ស្ថិតក្នុងភូមិអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ លោកបន្តថាជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះណេត សល់ អាយុ៤២ឆ្នាំ មានទីលំនៅភូមិចំការចេក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី មានប្រពន្ធនិងកូនប្រុស ស្រី ចំនួន៥នាក់ បានមកស្នាក់នៅចាំចម្ការឱ្យលោក មេបញ្ជាការយោធាតំបន់ សឹករងខេត្តមួយរូប ។ ចំណែកជនជាឃាតករត្រូវបានគេស្គាល់ឈ្មោះសន នី ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកមកស្នាក់នៅចំណុចនេះដែរ ។

លោកអធិការបានឱ្យដឹងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុថា មុនពេលហេតុការណ៍កើតឡើង ឃាតករឈាមរាវបានធ្វើសកម្មភាពយកកាំភ្លើងធុនCKC បាញ់ប្រហារទៅលើជនរងគ្រោះត្រូវ ចំក្បាលពីក្រោយធ្លាយមក មុខចំនួន១គ្រាប់ ខណៈពេលដែលជនរងគ្រោះកំពុងដេកលក់នៅក្នុងអង្រឹងបណ្ដាលឱ្យ ជនរងគ្រោះស្លាប់នៅក្នុងថ្លុកឈាមក្បែរកូនស្រី២នាក់ ដែលកំពុងដេកនៅលើគ្រែ ។ បន្ទាប់ពីបាញ់សម្លាប់ឪពុកហើយឃាតករឈាមរាវបាន ធ្វើសកម្មភាពចាប់កូនស្រី អាយុ១៣ឆ្នាំ រំលោភសេពសន្ថវៈរហូតបានសម្រេច រួចបានយកកាំភ្លើងចំនួន៣ដើម មានកំាំភ្លើងធុនCKCដែលជនល្មើសបាញ់សម្លាប់បុរសរងគ្រោះ ១ដើម និងកាំភ្លើងច្នៃចំនួន២ដើមរត់គេចខ្លួនបាត់ស្រមោល ។











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]