ខេត្តបន្ទាយមានជ័យ ៖ បញ្ហាក្មេងទំនើងនៅក្រុងប៉ោយប៉ែត ហាក់ស្ងប់ស្ងាត់បាត់យូរមកហើយ ប៉ុន្តែ ពេលនេះ ក៏ចាប់កម្រើកឡើងវិញ។ ជាក់ស្ដែង កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៥ តុលា ២០១៣ នៅលើផ្លូវបេតុងក្នុងវត្តសូរិយារាម ហៅវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូ ៥ ទៅ ៦គ្រឿង មានគ្នាប្រហែល ១០នាក់ ប្រដាប់ដោយដុំថ្ម កាំបិត ដែក នាំគ្នាគប់ដំបូលផ្ទះអ្នកស្រុក មួយគ្រួសារឈ្មោះ ហៀង ឆឺយ ភេទស្រី អាយុ ៥៤ឆ្នាំ ដែលមានផ្ទះនៅជាប់របងវត្ត បង្កការភ្ញាក់ផ្អើលទាំងយប់។

អ្នកស្រុករកឃើញកាំបិតធ្វើម្ហូប១ និងដែកតូច១ នៅកន្លែងកើតហេតុ ជារបស់ភាគីបង្ក ដែលគប់ពាសវាលពាសកាល ប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ដើម្បីធ្វើកំណត់ហេតុ។ តាមអ្នកស្រុកនិយាយថា ករណីខាងលើកើតមានជិត ១សប្ដាហ៍ហើយ គឺមានក្មេង ២ក្រុម ឌឺដងដាក់គ្នារកកល ចង់វាយកាប់ចាក់គ្នាជារឿយៗ ដោយមិនដឹងមូលហេតុពិតប្រាកដឡើយ។

ស្ត្រីឈ្មោះ ហៀង ឆឺយ និយាយថា ប៉ុន្មានថ្ងៃជាប់គ្នានេះ គាត់ក៏ដូចជាគ្រួសារផ្សេងៗ មានការព្រួយបារម្ភ ខណៈដែលក្មេងៗ ទាំងនោះ ណាត់រកវាយកាប់ចាក់គ្នានៅក្នុងវត្ត និងមុខផ្ទះរបស់គាត់ ហើយកាលដែលផ្ទះគាត់ត្រូវគេនាំគ្នាគប់ដំបូលនេះ គឺគ្រួសារគាត់មិនដែលមានជម្លោះអ្វី ជាមួយក្រុមក្មេងៗ ទាំងនោះឡើយ។

ទោះជាយ៉ាងណា គេឃើញសមត្ថកិច្ចនគរបាលរដ្ឋបាល ប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ប្រមូលវត្ថុតាង ហើយដោយក្រុមបង្កបើកម៉ូតូគេចអស់ សមត្ថកិច្ចបានណែនាំឲ្យស្ត្រី ជាម្ចាស់ផ្ទះទៅកាន់ប៉ុស្តិ៍រដ្ឋ បាលដាក់ពាក្យបណ្ដឹងនៅថ្ងៃស្អែក ដើម្បីឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវ រកក្រុមក្មេងទំនើងទាំង នោះ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]