ខេត្តកំពត ៖ ដូនចាស់ម្នាក់ឈ្មោះ មុំ គិន អាយុ៧៨ឆ្នាំ រស់នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ត្រូវកូនស្រីបង្កើត បណ្តេញគាត់ឱ្យចាកចេញពីផ្ទះ កាលពីពេលថ្មីៗនេះ ហើយបច្ចុប្បន្នកំពុងរស់នៅ ផ្ទះអ្នកជិតខាងក្នុងភូមិ ។ យាយ មុំ គិន បាននិយាយរៀបរាប់ឱ្យដឹងថា គាត់មានកូន២នាក់ គឺប្រុសម្នាក់ និងស្រីម្នាក់ ឯប្តីគាត់បានស្លាប់ចោល ជាយូរឆ្នាំមកហើយ ។ បន្ទាប់ពីប្តីស្លាប់ចោលទៅ គាត់រស់នៅជាមួយកូនស្រីឈ្មោះ មុំ ស្រី បច្ចុប្បន្នអាយុ៤៩ឆ្នាំ ។

ក្នុងការរស់នៅជាមួយកូនស្រីនេះ គាត់បានប្រគល់ដីចម្ការ ឱ្យកូនធ្វើប្លង់អស់ហើយ តែក្រោយមកកូនស្រីគាត់ ក៏ជាស្ត្រីមេម៉ាយដែរ ពេលរកស៊ីយូរៗទៅ ក៏លក់ដីស្រែនិងចម្ការអស់ និងទិញមេគោមួយក្បាល យកមកចងចោល មិនរវីរវល់ឱ្យទឹកនិងស្មៅទេ ។ លុះពេលគាត់ស្តីបន្ទោស រឿងចងគោចោលមិនមើលថែបែបនេះ កូនស្រីរូបនេះក៏ខឹងនឹងគាត់ ថែមទាំងប្រមាថកាតទានទៀត ធ្វើឱ្យគាត់តូចចិត្តណាស់ ។

ដូនចាស់រូបនេះបាននិយាយទៀតថា កូនស្រីរបស់គាត់ចាប់ខឹង នឹងគាត់ពីរឿងដែលគាត់សួរដេញដោល រឿងលក់ដី ស្រែ និងដីចម្ការអស់ មិនដឹងយកលុយទៅធ្វើអ្វី ហើយតែងចោទគាត់ថាផឹកស្រា ។ កូនស្រីរូបនេះថែមទាំងនិយាយមកកាន់គាត់ជាម្តាយខ្លាំងៗដូចជាថា កុំប៉ិននិយាយពេក ប្រយ័ត្នបុកក្រឡើតងាប់ ហើយបណ្តេញគាត់ ឱ្យចេញពីផ្ទះដោយជំរុញថា ទៅនៅឯណាក៏ទៅៗ ។ដោយសារតែត្រូវកូនស្រីបណ្តេញជាច្រើនដងពេក គាត់ក៏បានវេចបង្វេចចុះចេញពីផ្ទះ ទាំងសម្រក់ទឹកភ្នែកនឹកអាណិត ខ្លួន ដែលចូលវ័យជរាទៅហើយ កូនមិនមើលថែទាំទេ ថែមទាំងបណ្តេញចេញពីផ្ទះទៀត ។

យាយ មុំ គិន រៀបរាប់បន្តថា គាត់បានសម្រេចចិត្តមកសុំផ្ទះអ្នកជិតខាងម្នាក់ឈ្មោះ ប៉ូ អ៊ី ភេទប្រុស អាយុ៧៥ឆ្នាំ នៅភូមិជាមួយគ្នាស្នាក់នៅ ។ ឯលោកតា ប៉ូ អុី និយាយថា គាត់រស់នៅតែពីរនាក់ប្តីប្រពន្ធទេ ហើយសុទ្ធតែមានវ័យចាស់ដូចគ្នា ដូច្នេះលោកយាយ មុំ គិន មកសុំគាត់ស្នាក់នៅ គាត់ក៏មិនហ៊ានបដិសេធយ៉ាងម៉េចដែរ ព្រោះអាណិតគាត់ ពេលទទួលដំណឹងថា កូនស្រីរបស់គាត់បណ្តេញឱ្យចេញពីផ្ទះ ។ គាត់មិនបានដឹងពីការបែកបាក់រវាងម្តាយនិងកូនស្រីនេះពីរឿងអ្វី នោះទេ ប៉ុន្តែលោកយាយ មុំ គិន តាំងពីមកស្នាក់នៅផ្ទះគាត់ គឺទៅសុំសីលនៅឯវត្តប្រាសាទ ជារៀងរាល់ថ្ងៃសីល ។ ចំពោះអ្នកខ្លះដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះគាត់ថា ផឹកស្រានោះ គាត់ក៏មិនដែលឃើញផឹកស្រាដែរ ។

ចំណែកស្ត្រីចំណាស់ម្នាក់ឈ្មោះ ទេស ណន អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិនោះដែរនិយាយថា គួរឱ្យអាណិតលោកយាយ មុំ គិន ណាស់ គាត់ចាស់ហើយបែរជាត្រូវកូនស្រីបណ្តេញចេញពីផ្ទះ គឺជាប្រការគួរឱ្យហួសចិត្តណាស់ កូនមួយម៉ែមួយនៅមិនបាន ។ ពេលយាយ មុំ គិន ផឹកស្រាមួយកូនកែវ និយាយរឿងរ៉ាវកូនលក់ដី ក៏មានគំនុំនឹងម្តាយរហូតមកទល់សព្វថ្ងៃនេះ ។ ខ្ញុំអាណិតលោកយាយ មុំ គិន ណាស់ ពេលកូនស្រីបណ្តេញចេញពីផ្ទះឱ្យទៅរស់នៅផ្ទះផ្សេង គាត់បានស៊ីឈ្នួលស្ទូងឱ្យគេគ្រាន់បានកម្រៃបន្តិចបន្តួចចិញ្ចឹម ជីវិត និងលៃលកទិញកោដ្ឋដាក់ធាតុម្តាយគាត់ ផ្ទុយពីកូនស្រីគាត់បែរជាអកតញ្ញូ ចំពោះម្តាយទៅវិញ ។

ចំណែកយាយម្នាក់ឈ្មោះ យូ អែត អាយុ៧៦ឆ្នាំ រស់នៅភូមិប្រាលដែរនិយាយថា ទោះជាម្តាយយើងខុសឆ្គង ឬឆ្កួតវង្វេងក៏ដោយ ក៏នៅតែជាម្តាយរបស់យើងដែរ មិនគួរណាកូនស្រីគាត់ធ្វើបែបនេះសោះ ។ចំពោះករណីខាងលើនេះ ស្ត្រីជាកូនឈ្មោះ មុំុ ស្រី ដែលរងការចោទប្រកាន់ថាបណ្តេញម្តាយចេញពីផ្ទះនោះ មិនបានឆ្លើយបំភ្លឺក្នុងរឿងនេះទេ ដោយប្រាប់ថាជាប់រវល់លក់ឆ្នោតនៅផ្សារតានី ។

ចំណែកលោក ប៉ែន ម៉ៅ អនុប្រធានភូមិប្រាលបានប្រាប់ឱ្យដឹងថា កន្លងមករឿងម្តាយកូននេះពិតជាមានការខ្វែងគំនិតគ្នាមែន ប៉ុន្តែលោកទទួលដំណឹងថា លោកយាយជាម្តាយនោះធ្លាប់ផឹកស្រា ។ រឿងផឹកស្រា ឬមិនផឹកនោះមិនមែនជាបញ្ហាទេ តែបញ្ហាសំខាន់គឺការបណ្តេញម្តាយឱ្យចេញពីផ្ទះពីសំណាក់កូនស្រីឯ ណោះទេ ដែលជារឿងគួរឱ្យស្តីបន្ទោស ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]