រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ ជាលក្ខណៈអន្តរជាតិកាលពី យប់ថ្ងៃព្រហស្បត៍ទី២៤ តុលា នៅសង្វៀនBeeline Arena ជ្រោយចង្វា ដែលរៀបចំឡើងដោយ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ រៀងរាល់១ខែម្តង ក្នុងចំណោមគូអន្តរជាតិ ទាំង៤ មានតែកីឡាករម៉ឺន សុភា ម្នាក់គត់ ដែលបានធ្វើឱ្យទស្សនិកជន ជក់ចិត្តជាងគេ ដោយវាយកីឡាករថៃPich Soriya ឱ្យសន្លប់ក្នុងទឹកទី៤ ។

ចំណែកអ្នកប្រដាល់កែងឆេះ វង្ស ណយ និងអ្នកប្រដាល់សម្បូរល្បិចពេជ្រ អារុណ និង ខុន រាជ ផ្តល់ការខកចិត្តដល់អ្នកគាំទ្រខ្មែរយ៉ាងខ្លាំង ខណៈម្នាក់សន្លប់ក្នុងទឹកទី៤ និងពីរនាក់ទៀតមិនប្រកាសលទ្ធផល ដោយសារសកម្មភាពប្រកួតមិន ប្រក្រតី ធ្វើឱ្យអ្នកទស្សនាបញ្ចេញកំហឹង រហូតគប់ដបទឹកបរិសុទ្ធទៅលើរេញ ក្នុងគ្រាដែលកីឡាករខុន រាជ ប្រកួតទៀតផង ។

ចំណែកការបរាជ័យរបស់កីឡាករវង្ស ណយ ក្រោមកណ្ដាប់ដៃកីឡាករថៃ Pravit បានធ្វើឲ្យមនុស្សមួយចំនួនគិតថានោះជារឿងធ្វើពុត ឬលក់ខ្លួន ។ ប៉ុន្តែឆ្លងកាត់ការវិភាគ និងត្រួតពិនិត្យចុងក្រោយបានលាងសម្អាត ចំពោះការចោទប្រកាន់មួយនេះ ធ្វើឲ្យកីឡាករវង្ស ណយ រីកមុខឡើងវិញ បើទោះជាការប្រកួតលើកនេះចាញ់ក៏ដោយ ។ ការប្រកួតគូអន្តរជាតិទាំង៤ គូលើកនេះគូទី១ និងគូទី២ មិនត្រូវបានប្រកាសលទ្ធផលនោះទេ ដោយសារតែក្រុមមន្ត្រីជាអ្នករៀបចំ បានសម្រេចបណ្ដេញចុះពីរេញ ពេលឃើញកីឡាករកម្ពុជាប្រកួតមិន ប្រក្រតី ខណៈដែលគូទី៣ និងទី៤ ទទួលការកោតសរសើរថាល្អ មើលអាចទទួលយកបាន ។

ទោះយ៉ាងណាកីឡាករជើងខ្លាំង វង្ស ណយ មកពីក្លិបកងពលតូចលេខ៣១ បញ្ជាការដ្ឋានកងទ័ពជើងទឹក ក៏ប៊ិះនឹងផុងក្នុងរណ្ដៅចោទប្រកាន់នោះដែរ បន្ទាប់ពីគេត្រូវដួលសន្លប់នៅទឹកទី៤ ក្រោមដៃកីឡាករថៃ Pravit ។ ក្រុមអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវមិនតិចឡើយ នៅពេលកីឡាករវង្ស ណយ វាយបំបុកដោយមិនទុកមុខឲ្យកីឡាករថៃ Pravit ដែលត្រូវគេដឹងថាជាជើងខ្លាំងម្នាក់ធ្លាប់ផ្ដួលកីឡាករកម្ពុជា កន្លងមក ។ ជាក់ស្ដែងនៅទឹកទី៣ គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ នៅពេលកីឡាករកម្ពុជាវាយឲ្យកីឡាករ Pravit រាប់ ។ កីឡាករវង្ស ណយ បានធ្វើឲ្យអ្នកទស្សនាហើបគូទពីកៅអីតែម្ដង នៅពេលការវាយសម្រុក របស់គេកាន់តែបំបាក់ភាពខ្លាំងរបស់កីឡាករថៃ ហើយធ្វើឲ្យកីឡាករថៃស្ទើរតែអស់ស្នៀតតបត ។

ប៉ុន្តែឈានដល់ទឹកទី៤ កីឡាករវង្ស ណយ ស្រាប់តែអស់ស៊ុហ្វតែម្ដង ទើបភ្លាត់ឲ្យកីឡាករថៃ Pravitវាយត្រូវចុងដង្ហើមមួយដៃពេញទំហឹង បណ្តាលឱ្យដួលហើយត្រូវអាជ្ញាកណ្ដាលរាប់ ។ វង្ស ណយ បានបន្តការប្រកួតទៀត ប៉ុន្តែបានតែមួយភ្លែត ក៏ត្រូវដួលសន្លប់តែម្ដងនៅចុងទឹកទី៤ ទើបធ្វើឲ្យមានការចោទប្រកាន់ពីសំណាក់អ្នកទស្សនាខ្លះថាវង្ស ណយ ចាញ់ពាក់ព័ន្ធនឹងរឿងលក់ខ្លួន ។ ការសង្ស័យនេះ ត្រូវបានបន្សាបភ្លាមៗបន្ទាប់ពីមន្ត្រីប្រចាំប៉ុស្ដិ៍លេខ៥ភា គច្រើនសម្រេចចាក់វីដេអូក្នុងទឹកទី៤សាចុះសាឡើង ហើយមើលឃើញថាវង្ស ណយ សន្លប់ដោយសារតែគេអស់ស៊ុហ្វ ហើយទប់កណ្ដាប់ដៃផ្ទួនៗរបស់កីឡាករ Pravitមិនបាន ។ ការរកឃើញនេះបានជួយឲ្យវង្ស ណយ រួចផុតពីការចោទប្រកាន់ បើទោះជាការបរាជ័យលើកនេះហាក់ធ្វើឲ្យគេបាត់បង់ទំនុកចិត្ត បន្ថែមទៀត ក្រោយពីគេចេះតែចាញ់ច្រើនជាងឈ្នះ ក្នុងការប្រកួតប៉ុន្មានលើកចុងក្រោយនោះក៏ដោយ ។

រំលឹកដល់ការប្រកួតទាំងមូលគូអន្តរជាតិទី១ កីឡាករ ខុន រាជ មកពីក្លិបកងពលតូចអន្តរាគមន៍លេខ៣ប្រាសាទព្រះវិហារ និងកីឡាករបារាំង Theodore Bitcheff មិនត្រូវបានគណៈកម្មការប្រកាសលទ្ធផលឲ្យឡើយ ដោយសារតែភាគីកម្ពុជាមិនបានបញ្ចេញថ្វីដៃ ហើយបណ្ដោយឲ្យភាគីបារាំងវាយតែម្នាក់ឯងធ្វើឲ្យគេគិតថាកីឡា ករខុន រាជ មានបញ្ហាមិនចង់ឈ្នះ ។ គូអន្តរជាតិទី២ កីឡាករ ពេជ្រ អារុណ មកពីក្លិបសម្រែករាជសីហ៍បង្រ្កាបគ្រឿងញៀន និងកីឡាករបារាំង FX Leak De La Torre ក៏មិនត្រូវបានប្រកាសលទ្ធផលដូចគ្នាផងដែរ ដោយសារតែហេតុផលចោទថា កីឡាករពេជ្រ អារុណ វាយចំប្រដាប់ការពារដៃគូម្តងហើយម្តងទៀតផ្ទុយពីលក្ខន្តិកៈ ឯកីឡាករបារាំង ក៏ត្រូវគេឃើញធ្វើពុតប្រកាច់លើរេញ ដោយសូម្បីតែ ពេជ្រ អារុណ មិនបានវាយត្រូវចំប្រដាប់ការពារនៅពេលក្រោយៗក៏ដោយ ។

ដោយឡែកចំពោះគូអន្តរជាតិទី៣ កីឡាករម៉ឺន សុភា មកពីក្លិបយុវជនអង្គរ បានវាយឈ្នះកីឡាករ Pich Soriya ជនជាតិថៃក្នុងទឹកទី៤ ទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ប៉ុន្តែកីឡាកររូបនេះ ក៏ធ្វើឲ្យគេបុកពោះផងដែរ ក្នុងពេលដែលភាគីថៃ Pich Soriya ដែលអ្នកណាក៏ឃើញគេមានមាឌតូចជាងមានបទពិសោធន៍ប្រកួតតិចជាង ប៉ុន្តែបែរជាអាចធ្វើឲ្យកីឡាករកម្ពុជាផ្ងារជើងម្ដងៗ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]