ខេត្តកំពង់ស្ពឺ ៖ ឃាតករដែលសម្លាប់នារីវ័យក្មេងម្នាក់ ដោយរឹតកនឹងខ្សែមួក ត្រូវសមត្ថកិច្ចវែកមុខ និងឃាត់ខ្លួនបានហើយ កាលពីថ្ងៃទី២៥ តុលា នៅក្នុងឃុំស្រង់ ស្រុកគងពិសី ហើយជនដៃដល់នោះ ក៏ជាមិត្តប្រុសរបស់នារីរងគ្រោះផងដែរ។

លោកអនុសេនីយ៍ឯក ទុយ ថេន អធិការរងនគរបាលស្រុកគងពិសី បានឱ្យដឹងថា ឃាតករដៃដល់គឺជាសង្សារ របស់នារីរងគ្រោះ ឈ្មោះ សឹម ចណ្ណារ៉ា អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ។ ជននេះបានឆ្លើយសារភាពថា មូលហេតុដែលគេសម្លាប់នារីជាសង្សារ ដោយសារកាលពី ៣ខែកន្លងមក ខ្លួននិងនារីរងគ្រោះបានស្រឡាញ់គ្នា ហើយនាងបានបោកប្រាស់ខ្លួន ដោយឱ្យជូនទៅភ្នំពេញ គំរោងស៊ីដាច់ម៉ូតូខ្លួន ម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២ និងប្រាក់ដុល្លារប្រមាណ ១០០០ដុល្លារ ឱ្យសង្សារចាស់នាង ទើបខ្លួនមានគំនុំសម្លាប់បែបនេះ ។

ប្រភពបន្តថា កាលពីថ្ងៃទី២៣ តុលា ២០១៣ នាងចុំ យូ (នារីរងគ្រោះ) បានទូរស័ព្ទឱ្យខ្លួនទៅជួប នៅចំណុចភូមិស្រែមាន់ ដោយឃើញឱកាសល្អ ខ្លួនក៏នាំនាងទៅជើងភ្នំ អាចម៍ទីទុយក្រេបរសជាតិស្នេហ៍ ហើយក៏ច្របាច់ក និងរឹតកនាងដោយខ្សែមួក ស្លាប់ហើយខ្លួនក៏ត្រឡប់មកផ្ទះវិញ ។

សូមបញ្ជាក់ថា នារីវ័យក្មេងម្នាក់ ត្រូវបានក្មេងគង្វាលគោ និងអ្នករកឃ្មុំប្រទះឃើញដេកស្លាប់ នៅក្បែរជើងភ្នំអាចម៍ទីទុយ ស្ថិតក្នុងភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី កាលពីវេលាម៉ោង១០ និង២៥នាទីព្រឹកថ្ងៃទី២៤ តុលា ២០១៣ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]