ភ្នំពេញៈ នគរបាលតម្រួតបទបញ្ជា ម្នាក់ រួមនិងកម្មករ៣នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីរងការចោទប្រកាន់ ថាបានរួមគ្នា ចាប់រំលោភស្ត្រីម្នាក់ខណៈធ្វើដំណើរទៅផ្សារ ទិញឥវ៉ាន់ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅម៉ោង៦និង៥០នាទី ល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ។

មេប៉ុស្តិ៍នគរបាលទឹកថ្លា លោក ប៉ែន ថុល បានឲ្យដឹងថា អ្នកស្រី ជា កែវកល្យាណ អាយុ២២ឆ្នាំ បានប្តឹងចោទនគរបាល តម្រួតបទបញ្ជា រួមនិងកម្មករសំណង់៣នាក់ទៀត ពីបទរំលោភសេពសន្ថវៈ ខណៈដែលនាងបានធ្វើដំណើរចេញពីផ្ទះ តាមផ្លូវបេតុង ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោក ប៉ែន ថុល បានឲ្យដឹងថា នៅពេលដែលជនរងគ្រោះ ធ្វើដំណើរតាមផ្លូវ ស្រាប់តែលោក រឹម ហ៊ន អាយុ២៥ឆ្នាំ ដែលជាមន្ត្រីនគរបាលតម្រួតបទបញ្ជា បានស្ទុះមកអោបនាងពីក្រោយ រួចអូសយកទៅ ចូលទៅច្រកផ្លូវស្ងាត់មួយ ជាមួយនឹង លោក សេក ជឿន អាយុ២៨ឆ្នាំ, លោក សារា វ័ន្ត អាយុ២២ឆ្នាំ និងលោក លុច ថុន អាយុ២៦ឆ្នាំ ជាកម្មករសំណង់៣នាក់ ក្នុងបំណងចាប់រំលោភស្ត្រីរងគ្រោះ ។ លោកមេប៉ុស្តិ៍បានបន្តថា ភ្លាមនោះស្ត្រីរងគ្រោះក៏បានស្រែក ហើយបានឮទៅដល់ ប្រជាការពារភូមិ ហើយនិងប្តីរបស់នាង ទើបអ្នកទាំងនោះ បាននាំគ្នា ទៅរំដោះស្ត្រីរងគ្រោះនិងឃាត់ខ្លួនមនុស្សទាំង៤នាក់នោះ ប្រគល់ឲ្យសមត្ថកិច្ច ។
ប្រធានក្រុមប្រជា ការពារភូមិត្រពាំងឈូក លោក សេត សឺន បានឲ្យដឹងថា គាត់ជាអ្នកជួយរំដោះ អ្នកស្រី ជា កែវកល្យាណ ចេញពីកន្លែងដែលក្រុមមនុស្ស ៤នាក់នោះប្រុងចាប់រំលោភ ។

នៅក្នុង ហេតុការណ៍នេះ សាក្សីម្នាក់បានឲ្យដឹងថា នៅពេលដែលនគរបាលតម្រួតបទបញ្ជា រួមនិងកម្មករសំណង់៣នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍ទឹកថ្លា នៅម៉ោងប្រមាណជា៨ ក៏ស្រាប់តែឃើញ ក្រុមតម្រួតបទបញ្ជា មានគ្នាជាង១០នាក់ ជិះរថយន្តមួយគ្រឿង ទៅកាន់ប៉ុស្តិ៍នគរបាល ក្នុងបំណងប្រុងរំដោះ លោក រឹម ហ៊ន ដែលជាបក្ខ ពួក ប៉ុន្តែ មិនបានសម្រេចក៏ព្រោះតែកម្លាំងនគរបាលប៉ុស្តិ៍បានការពារ ដោយប្រុងប្រយ័ត្នដោយបូករួមនិងវត្តមានរបស់ក្រុមអ្នកកាសែតនៅទីនោះផង ទើបធ្វើឲ្យពួកគេមិនហ៊ាន រួចត្រលប់ទៅវិញ ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា តម្រួតបទបញ្ជានិងកម្មករសំណង់៣នាក់ទៀត ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ៖ ជួន សុជាតិ 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]