ខេត្តសៀមរាប ៖ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប ត្រូវបានគេរាយការណ៍ថា ពួកឧក្រិដ្ឋបានយកធ្វើជាច្រក នាំនារីខ្មែរក្មេងៗ ចេញទៅកាន់ប្រទេសចិន ដើម្បីធ្វើនារីបម្រើផ្លូវភេទ បន្ទាប់ពីគេរកឃើញ មានករណីនាំចូលសារធាតុញៀន ប្រភេទ «កូកាអ៊ីន» មានលក្ខណៈទ្រង់ទ្រាយធំ ពីបរទេសមកកាន់ខេត្តទេសចរណ៍មួយនេះ យ៉ាងតិច៦ករណី ដាច់ដោយឡែកពីគ្នា កាលពីដើមឆ្នាំ២០១៣នេះ ។

មន្ត្រីប៉ូលិសអន្តោប្រវេសន៍ ប្រចាំអាកាសយានដ្ឋាន អន្តរជាតិសៀមរាបមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា  សកម្មភាពនាំនារីខ្មែរក្មេងៗ ទៅកាន់ប្រទេសចិន តាមច្រកអាកាសយានដ្ឋានអន្តរជាតិ សៀមរាបនេះ បានកើតឡើងរាប់ខែមកហើយ ដោយក្នុងមួយថ្ងៃៗ មាននារីខ្មែរក្មេងៗស្អាតៗ យ៉ាងតិចចាប់ពី១០នាក់ ទៅ១៥នាក់ បានចេញដំណើរទៅប្រទេសចិន តាមរូបភាពទេសចរណ៍ ប៉ុន្តែទើបតែបែកធ្លាយ កាលពីពេលថ្មីៗនេះ រហូតឈានដល់ការបង្ក្រាប និងរំដោះបាននារីរងគ្រោះ ចំនួន៤នាក់ ។

យោងតាមឯកសារថតចម្លងមួយឈុត ដែលមានទាំងកំណត់ហេតុ លិខិតឆ្លងដែន ព្រមទាំងរូបថតផងដែរ បានបង្ហាញថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៨ តុលា ប៉ូលិសអន្ដោប្រវេសន៍ ច្រកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប បានសង្គ្រោះស្រ្ដីខ្មែរចំនួន៤នាក់ ប្រគល់ទៅឱ្យការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ដ ខណៈជនរងគ្រោះត្រូវបានមេខ្យល់ ត្រៀមបញ្ជូនឡើងយន្ដហោះទៅប្រទេសចិន ។ ឯកសារដែលបានទម្លាយថា នារីរងគ្រោះទាំង៤នាក់ នោះត្រូវបានមេខ្យល់ជាជនជាតិខ្មែរ ឈ្មោះ នាង សម្បត្ដិ ភេទប្រុស អាយុ៣០ឆ្នាំ នាំទៅប្រទេសចិន តាមជើងយន្ដហោះ CZ-3054 ពីក្រុងសៀមរាបទៅកាន់ខេត្ដក្វាងចូវ ប្រទេសចិន ដោយបានជួលបុរសម្នាក់ទៀតឈ្មោះ ជា ចេឆេង ស្ថិតក្នុងឯកសណ្ឋានជាប៉ូលិសជាអ្នកនាំពួកនាងឆ្លងកាត់កន្លែងឆែកលិខិតឆ្លងដែនក្នុងតម្លៃម្នាក់៨០ដុល្លារអាមេរិក គឺទាំងអស់សរុប៣២០ដុល្លារ ។ 
មន្ដ្រីប៉ូលិសដដែលនិយាយថា នៅគ្រាចាប់ឃាត់ខ្លួននារីទាំង៤នាក់ខាងលើ មេខ្យល់ឈ្មោះ នាង សម្បត្ដិ ក៏នៅទីនោះដែរ ថែមទាំងបានផ្ដិតមេដៃលើកំណត់ហេតុសាកសួរថែមទៀត ។ ប៉ុន្តែក្រោយមកទំនងជាដឹងខ្លួន ក៏លួចរត់គេចពីសមត្ថកិច្ចបាត់ស្រមោល នៅសល់តែជនរងគ្រោះត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តដើម្បីបន្តនីតិវិធី ។

ទាក់ទិនទៅនឹងករណីនេះដែរ លោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បាននិយាយកាលពីរសៀលថ្ងៃទី២៣ តុលាថា នារីរងគ្រោះទាំង៤នាក់នោះ កំពុងស្ថិតនៅទីសុវត្ថិភាព ខណៈសមត្ថកិច្ចកំពុងបន្តនីតិវិធី តាមចាប់ខ្លួនអ្នកពាក់ព័ន្ធ នៅក្នុងអំពើជួញដូរមនុស្សឆ្លងដែននេះ ។ លោកស្រីបានបន្ថែមថា នារីទាំង៤នាក់នោះទំនងជាចាញ់បោកគេ ហើយពួកនាងយល់ព្រមទៅប្រទេសចិន ដោយសារតែគេប្រាប់ថាឱ្យទៅរៀបការជាមួយបុរសចិននៅទីនោះ ដោយមិនបានគិតថាការផ្សងព្រេងបែបនេះវាមានហានិភ័យខ្ពស់បំផុតសម្រាប់ពួកនាង ។ ប្រភពពីប៉ូលិសអន្តោប្រវេសន៍មួយរូបបានបង្ហើបទៀតថា មានស្ត្រីខ្មែរច្រើននាក់ណាស់ដែលត្រូវបានគេនាំចេញតាមច្រកនេះទៅកាន់ប្រទេសចិនក្នុងរូបភាពជាទេសចរ ដោយមានប៉ូលិសខ្លះ និងបក្សពួកមួយចំនួននៅព្រលាននោះជាអ្នកបើកភ្លើងខៀវ ហើយជនរងគ្រោះត្រូវបានគេលក់ឱ្យទៅបម្រើសេវាផ្លូវភេទនៅទីនោះដូចសត្វធាតុ រស់នៅពិបាកជាងស្លាប់ទៅទៀត។

នេះបើយោងតាមស្ត្រីខ្មែរខ្លះ ដែលមានវាសនារត់រួចពីផ្ទះបនមួយ នៅប្រទេសចិន ដែលស្ថានទូតខ្មែរបានជួយសង្គ្រោះ បញ្ជូនមកកាន់ស្រុកខ្មែរវិញកាលពីពេលថ្មីៗកន្លងទៅ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]