ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៤ តុលា មនុស្សម្នាក្មេងចាស់ ប្រុសស្រី មកពីតំបន់ត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គ ដែលមានចំនួន រហូតដល់រាប់ពាន់នាក់ បានធ្វើដំណើរតាមម៉ូតូ និងរថយន្តគ្រប់ប្រភេទ នាំអ្នកជំងឺខ្វិន និយាយមិនចេញ ព្រមទាំងជំងឺផ្សេងៗទៀត ដែលមានអ្នកខ្លះដាក់រទេះរុញ មករកព្រះអង្គតូចអាយុ២ឆ្នាំ៣ខែ ដែលល្បីថា មានបារមីសណ្ឋិត ឱ្យជួួយព្យាបាលនៅផ្ទះកុមារនេះ ស្ថិតក្នុងភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ដើម្បីសុំថ្នាំបុរាណមកដាំផឹក ព្រោះល្បីថា ធ្វើឱ្យជំងឺបានជាសះស្បើយ ជាច្រើននាក់មកហើយ ។

ភិក្ខុ ចន ជន ព្រះជន្ម៤៨ឆ្នាំ គង់នៅវត្តទឹកជ្រៅ ស្រុកតំបែរ ដែលនិមន្ត មករកថ្នាំពីព្រះអង្គតូច មានថេរដីកាថា ព្រះអង្គមានអាការស្អក និងណែនទ្រូងអស់ជាច្រើនថ្ងៃមកហើយ លុះពេលល្បីតគ្នាពីម្នាក់ទៅម្នាក់ លេចឮដល់ព្រះអង្គ ក៏និមន្តមករកថ្នាំព្រះអង្គតូច ដើម្បីព្យាបាលជំងឺ ។ ភិក្ខុអង្គនេះ មានថេរដីកាបន្តថា មានស្ត្រីម្នាក់ឈ្មោះ យ៉េត អាយុជាង៤០ឆ្នាំ មានទីលំនៅចម្ងាយប្រហែល១គីឡូម៉ែត្រ ពីវត្តទឹកជ្រៅ បានឈឺរហូតធ្លាក់ខ្លួនពិការ និយាយមិនចេញអស់រយៈពេល ១៧ឆ្នាំមកហើយ លុះពេលមករកព្រះអង្គតូចនេះ សុំថ្នាំទៅដាំទឹកផឹកក៏បានជាសះស្បើយ និយាយបានវិញជាធម្មតា ធ្វើឱ្យសមាជិកគ្រួសារមានសេចក្តីត្រេកអរគ្រប់ៗគ្នា ។ ចំណែកសម្រាប់ព្រះអង្គផ្ទាល់ មានជំនឿមុតមាំថា នឹងជាសះស្បើយដូចគេដូចឯងដែរ ។

លោក អែម សុផាត មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំនាងទើត ឱ្យដឹងថា ព្រះអង្គតូចនេះត្រូវបានបារមី មកគង់សណ្ឋិតក្រោយថ្ងៃភ្ជុំបិណ្ឌ ។ ពីដំបូង កុមារទេពព្យាបាលតាចាស់ម្នាក់ នៅក្នុងភូមិខ្នុរ បានជាសះស្បើយពីជំងឺស្ពឹកស្រពន់ រួមទាំងអ្នកផ្សេងៗទៀត ក៏បានល្បីតគ្នាពីមាត់មួយ ទៅមាត់មួយ ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ តុលា ខណៈរូបលោកទទួលបញ្ជាឱ្យមកថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅផ្ទះព្រះអង្គតូច បានឃើញមនុស្សម្នា មកពីគ្រប់ទិសទីជាង ៣.០០០នាក់ នាំសមាជិកក្រុមគ្រួសារ មករកព្រះអង្គតូចឱ្យជួយព្យាបាលជំងឺ ។ ចំពោះការព្យាបាល គឺនៅវេលាព្រឹកព្រះអង្គតូច (កុមារទេព) ត្រូវនិមន្តចេញទៅរកថ្នាំបុរាណខ្មែរ រហូតជិតដល់ពេលបាយថ្ងៃត្រង់ ទើបចាប់ផ្តើមមើលជំងឺ រហូតដល់ម៉ោង៦ល្ងាច ។ មន្ត្រីនគរបាលរូបនេះអះអាងថា រូបលោកត្រូវបានដាក់ឱ្យ នៅការពារ២៤ម៉ោង លើ២៤ម៉ោង ដល់ប្រជាពលរដ្ឋមកពីទីឆ្ងាយជិត ដែលអ្នកខ្លះបានដេករង់ចាំរហូតដល់ពេលយប់ផងដែរ ។ សូមបញ្ជាក់ថាកុមារទេពនេះ មានឪពុកឈ្មោះ បាន សុខគង់ អាយុ២៥ឆ្នាំ ម្តាយឈ្មោះ ផាត សឿន អាយុ២១ឆ្នាំ ជាកសិករ ។

ព្រះភិក្ខុវិភក្តិធម្មោ ឃឹន សេង ព្រះចៅអធិការវត្តទឹកជ្រៅ នៅក្នុងភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ មានថេរដីកាថា កាលពីឆ្នាំ២០១១ ព្រះអង្គបានឈឺប្រអប់ជើងខាងស្តាំ នៅពេលណាដែលឈរយូរពេក ជើងត្រូវហើមមានការឈឺចុកចាប់ ក៏បាននិមន្តទៅភ្នំពេញ ឱ្យពេទ្យឆ្លុះមើលថា ឈឺសន្លាក់យកថ្នាំពេទ្យមកឆាន់ លុះ២ទៅ៣ថ្ងៃក្រោយមក បានទៅពេទ្យផ្សេងទៀតនៅភ្នំពេញដែរពិនិត្យ គេប្រាប់ថា រលាកសរសៃទៅវិញ ។ ដល់ពេលទៅរកពេទ្យទី៣ នៅភ្នំពេញដដែល ត្រូវគេប្រាប់ថា ស្ពោតឆ្អឹង ។ ដោយសារតែមិនអស់ចិត្ត បានឱ្យឪពុកធម៌នៅខេត្តស្វាយរៀង ជួយនាំទៅព្យាបាលនៅប្រទេសវៀតណាម ត្រូវបានវះកាត់សាច់ប្រអប់ជេើង ដោយសម្រាកនៅទីនោះ១អាទិត្យផងដែរ តែជើងនៅតែឈឺចាប់ដដែល ។ លុះដល់ល្បីថា មានព្រះអង្គតូចខាងលើមានបារមីព្យាបាល ព្រះអង្គក៏បាននិមន្តមករកថ្នាំបុរាណយកមកដាំឆាន់ក៏បានធូរប្រហែល៧០ភាគរយផងដែរ ។ ហើយនៅល្ងាចថ្ងៃទី២៣ តុលា ព្រះអង្គបាននិមន្តទៅម្តងទៀត តែនៅផ្ទះរបស់ព្រះអង្គតូចនោះមនុស្សច្រើនពេក មិនអាចសុំថ្នាំបានទាល់តែសោះ ទោះជាបែបណាព្រះអង្គរំពឹងថា ជំងឺនេះនឹងបានជាសះស្បើយជាក់ជាមិនខាន ។

លោកវេជ្ជបណ្ឌិត ផេង សុផារុន បម្រើការងារនៅមន្ទីរសុខាភិបាលខេត្ត ក្នុងពេលដែលមានហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២៣ តុលា លោកបានធ្វើដំណើរទៅមើល ដល់ផ្ទះកុមារទេពនោះដែរ ដោយបានជួបនឹងស្ត្រីចំណាស់ម្នាក់ ដែលបានថ្នាំបុរាណ មានស្លឹកឈើប៉ុន.កដៃ ។ លុះពេលសួរនាំថា មុនពេលបានថ្នាំនេះ គាត់ត្រូវបានកត់ឈ្មោះដាក់នៅក្នុងក្រដាស១សន្លឹក យកទៅឱ្យកុមារទេព ដែលមានអាយុជាង២ខួបនោះ ។ តាមលក្ខណៈវិទ្យាសាស្ត្រ ក្មេងវ័យប៉ុណ្ណោះមិនអាចចេះអានអក្សរទេ គឺមានមនុស្សចាស់ ជាអ្នកអានជំនួស ដូច្នេះអាចជាការរៀបចំផែនការ របស់មនុស្សចាស់ ។ សម្រាប់អបិយជំនឿនេះមិនទាក់ទង ទៅនឹងវិជ្ជាជីវៈពេទ្យទេ ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]