ភ្នំពេញ៖ បុរស៣នាក់ត្រូវ រងរបួសធ្ងន់ធ្ងរ ខណៈពួកគេជិះម៉ូតូធន់ធំ មួយគ្រឿងឌុបគ្នាក្នុង ល្បឿងយ៉ាងលឿនបាន ជ្រុលចង្កូតម៉ូតូ ទៅបុកគូទរ៉ឺម៉កម៉ូតូកង់បីដឹកបន្លែ ចំពីក្រោយពេញទំហឹង ត្រង់ចំណុចស្ដុបបូកគោ តាមបណ្ដោយ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១និង៣០ នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃ ទី២៥ ខែតុលា ឆ្នាំ ២០១៣ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញបុរស ៣នាក់ជិះ ម៉ូតូធន់ធំ មួយគ្រឿង ធ្វើដំណើរតាម បណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែ ជ្រុលល្បឿនម៉ូតូ ទៅបុកគូទរ៉ឺម៉កម៉ូតូកង់បី ពីក្រោយពេញយ៉ាងទំហឹង បណ្តាលឲ្យដួល រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្ត សាមុយដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូ ត្រូវ រងការខូចខាត។

ក្រោយពេលកើតហេតុ រ៉ឺម៉កម៉ូតូកង់បី បានបន្តដំណើរទៅមុខបាត់ភ្លាមៗ ដោយសារតែម៉ូតូ មកបុកគាត់ពីក្រោយ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាល បឹងកេងកងទី១ រងចាំបងប្អូនមកទទួលយកទៅវិញ ។ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ ដោយ សារបុរស ទាំងបីនាក់ បើកបរក្នុងល្បឿនហួសកំណត់ ទើបបណ្តាលឲ្យជួបគ្រោះថ្នាក់បែបនេះ ៕  





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]