រាជ​ធានី​ភ្នំពេញ​ ៖ បុរស​-ស្ត្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​ ​​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣​ចាប់​អូស​ចេញ​ពី​ក្នុង​រថយន្ត​​ បន្ទាប់​ពី​បើក​រថយន្ត​ម៉ាក​ស៊ី​អ័រ​វី​ ពណ៌​ខ្មៅ​ ​មួយ​គ្រឿង​​ក្នុង​ស្ថាន​ភាព​ស្រវឹង​បុក​រនាំង​ដែក​បាក់​រលំ​ចំនួន​៥​កង់​ ហើយ​មិន​ព្រម​ចុះ​ពី​លើ​រថយន្តទេ​ បែ​រ​ជាស្រែក​ជេ​រ​ប្រមាថ​និង​រក​បុក​ប៉ូលិស​ទៀត​ ។

ហេតុ​ការណ៍​នេះបាន​ធ្វើ​ឱ្យ​មានការភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង​៩និង​៤០​នាទី​យប់​ថ្ងៃទី​២​ ឧសភា​​ នៅតាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ផ្សារដេប៉ូ​៣​ ខណ្ឌទួល​គោក​ និងមាន​ការ​ប្រវា​យ​ប្រតប់​គ្នា​ជាមួយ​ប៉ូលិស​ចរាចរ​នៅតាម​ដង​ផ្លូវ​​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។ ​នេះជាលើក​ទី​១​ហើយ​ដែល​អ្នក​បើក​បរ​រថយន្ត​បុក​រនាំង​ដែក​ត្រូវ​ចាប់​ខ្លួន ព្រោះ​តែ​ការ​ជេរ​ប្រមាថ​មក​លើ​សមត្ថកិច្ច​ ។​២នាក់​ប្តី​-ប្រពន្ធ​ដែល​ត្រូវចាប់​ខ្លួន​​នេះ​ ប្តី​ឈ្មោះ​សុខ​ ម៉ារ៉ាឌី​ អាយុ​៣០​ឆ្នាំ​ ជាបុគ្គលិក​ក្រុមហ៊ុន​ ​មួយ​ ប្រពន្ធ​ឈ្មោះ​សុខ​ លាង​ អាយុ​២៨​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​​ព្រែក​លៀប​ ខណ្ឌ​ឫស្សី​កែវ​ ។ 
តាមសាក្សី​បាន​ឱ្យ​ដឹង​ថា​ ​​រថយន្ត​ម៉ាក​ស៊ី​អ័រ​វី​ ពណ៌​ខ្មៅ​​ បើក​បរ​ដោយ​ឈ្មោះ​សុខ​ ម៉ារ៉ា​ឌី​ ​​រួម​​​​ជាមួយប្រពន្ធ​ ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិស​ដៅ​ពី​​​លិច​ទៅ​​​កើត​ ។ ​នៅពេល​​មក​ដល់​ចំណុច​ខាង​លើ​​​ ស្រាប់​តែ​រថយន្ត​​រេចង្កូត​ទៅ​ឆ្វេង​ដៃបុក​រនាំង​​ដែក​ខណ្ឌ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឱ្យ​​​ដួល​រលំ​ចំនួន​៥កង់​ ហើយ​​រថយន្ត​ក៏បាន​ដាច់​កាឡេ​ខូច​ទៅមុខ​​​លែង​រួច​ ។ ​បន្ទាប់​ពីបុក​រនាំង​ដែក​ ប៉ូលិស​ប៉ុស្តិ៍​​នៅក្បែរ​នោះ​បាន​ចេញ​ទៅ​អន្តរា​គមន៍​ តែ​អ្នក​បើក​បរ​ពុំព្រម​ចុះ​ពីលើ​រថយន្ត​ទេ​ និង​ទូរស័ព្ទ​ទាក់​ទង​រក​អ្នក​អន្តរា​គមន៍​ ហើយ​ជេរ​ប្រមាថ​មក​លើ​​​សមត្ថ​កិច្ច​ទៀត ​​ដោយ​មិ​ន​ឱ្យ​ប៉ូលិស​ចាត​់​ការ​តាម​ច្បាប់​ទេ​ ។

តាម​សាក្សី​ដែលបាន​ឃើញ​នឹងភ្នែក​​បន្ត​ទៀត​ថា​ ​នៅយប់​នោះ​ប៉ូលិស​បានត្រឹម​តែ​ឈរ​មើល​និង​ទទួល​ការមាក​់​ងាយ​​​បុ៉ណ្ណោះ​ តែ​ខណៈ​នោះ​ក៏​មាន​​បទ​បញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​ត្រី​ទូ​ច​ ណា​រ៉ុថ​ ស្នងការ​​នគរបាល​រាជ​ធានី​ភ្នំពេញ​ឱ្យ​ចាប់​ទាញ​ចេញពី​ក្នុង​រថយន្ត​​យ៉ាង​ប្រទាញ​ប្រទង់​កណ្តាល​ផ្លូវ​ដូចជា​​អាក្រក់​មើល​ណាស់​ទំរាំ​ប៉ូលិស​ចាប់​អូស​បញ្ជូន​ទៅ​ប៉ុស្តិ៍​ដែល​នៅក្បែរនោះ​បាន​ ។ ​​នៅ​ពេល​​​ចាប់​ទាញ​ចុះ​ពី​លើ​​រថយន្ត​ ស្ត្រី​ជាប្រពន្ធ​បាន​​យក​ស្បែក​ជើង​មក​វាយ​​​​ប៉ូលិស​និង​វាយ​ទម្លាក់​ម៉ាស៊ីន​ថត​របស់​អ្នក​កាសែត​ ហើយ​​យក​ជើង​ជាន់​ទៀត​ ។ ហេតុ​ការណ៍​គួរ​ឱ្យ​ស្អប់​ខ្ពើម​នេះ​ ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ា​ង​​ខ្លាំង​ ហើយ​​២នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​ប៉ូលិស​ចាប់អូស​​កៀក​ទៅ​​កាន់​ប៉ុស្តិ៍​ និង​​វាយ​ខ្នោះ​​បុរស​ជាប្តី​ទៀត​ផង​ ព្រោះ​តែ​រឹង​ទទឹង​និង​​ក្រាញ​​ននៀល​ស្រែក​ឡាំ​ប៉ា​ ដែល​លោក​អ្នក​​អានអាច​មើល​រូបភាព​ជាក់​ស្តែង​លើ​វេទិកា​គេហ​ទំព័រ​កោះសន្តិភាព​កាន់​តែ​ច្បាស់​ថែម​ទៀត​ ។ ​

បុរស​ជាប្តី​និយាយ​ថា​​ ​មុនពេល​កើត​ហេតុ​ខ្លួន​រួម​ទាំង​​ប្រពន្ធ​ទើប​តែ​ចេញ​ពីផឹក​​​ស៊ី​ ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅផ្ទះ​វិញ​ក៏​ជ្រុល​ចង្កូត​បុក​រនាំង​​ដែក​តែ​ម្តង​។ ភ្លាម​ៗ​នោះ​ដែរ​ ប៉ូលិស​ការិយា​ល័យ​​ចរាចរ​ផ្លូវគោក​នៃស្នង​ការ​ដ្ឋាន​រាជ​ធានី​ភ្នំពេញ​​បានចុះ​ទៅ​ស្ទូច​យក​រថយន្ត​និងបញ្ជូន​ប្តីប្រពន្ធ​ប្រមឹក​ទាំង២​នាក់​នេះ​​ទៅ​កាន់​ការិយា​ល័យ​​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕

 

វីដេអូពីកោះសន្តិភាព ៖

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]