ខេត្តប៉ៃលិន ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូសិស្សសាលា ធ្វើដំណើរយ៉ាងលឿន រួចជ្រុលចង្អូតទៅបុកគូទម៉ូតូ មន្រ្តីសមត្ថកិច្ចកងរាជអាវុធហត្ថ បណ្តាលឲ្យដួលប្រាវទាំងអស់គ្នារង របួសស្រាលទាំងពីរនាក់ ត្រូវបានអ្នកជិតខាងឃើញដឹកយក ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូនេះ បានកើតឡើងកាល ពីវេលាម៉ោង ១១ និង ១៥នាទី ព្រឹកថ្ងៃទី២៤ តុលា ២០១៣ ស្ថិតនៅចំណុចខាងជើងរង្វង់មូល និងវិមានឯករាជ្យ ប្រហែល ១០ម៉ែត្រ ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ស៊ន ដារ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំ ជាមន្រ្តីកងរាជអាវុធហត្ថខេត្ត រងរបួសរយះដៃខាងឆ្វេងស្រាល រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅលាយក្រហម ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ខេមរភូមិន្ទ 09 1.2584 រងការខូចខាតមធ្យម។ ចំណែកអ្នកបើកបរម៉ូតូបង្កហេតុឈ្មោះ ញោ សុខឡេង ភេទប្រុស អាយុ ១៤ឆ្នាំ ជាសិស្សសាលា រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសមុខ និងក្បាលផ្នែកខាងឆ្វេងស្រាល ជិះម៉ូតូម៉ាកវីវ៉ាស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-1220 រងការខូចខាតស្រាល។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញសិស្សសាលា ជាច្រើននាក់បានជិះម៉ូតូចេញពីរៀន ដោយពួកគេជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុនៅក្បែររង្វង់មូល និងវិមានឯករាជ្យ មានសិស្សសាលាម្នាក់បានជិះម៉ូតូបត់ឆ្វេងយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង ហើយក៏បានជ្រុលចង្កូតទៅបុកម៉ូតូមន្រ្តីកងរាជអាវុធហត្ថពីក្រោយយ៉ាងពេញទំហឹង ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យដួលប្រាវទាំងអស់រងរបួសតែម្តង។

មន្រ្តីសមត្ថកិច្ចចរាចរជើងគោកខេត្តប៉ៃលិន បានឲ្យដឹងដែរថា ក្រោយពីវាស់វែងរួច សមត្ថកិច្ចចរាចររកឃើញថា សិស្សសាលាជាអ្នកបង្កហេតុ ដោយជិះម៉ូតូមិនបានប្រុងប្រយ័ត្នក្នុងល្បឿន លឿនត្រង់ចំណុចរង្វង់មូល ទើបបណ្តាលឲ្យបុកម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង។ ក្រោយវាស់វែងរួច សមត្ថកិច្ចចរាចរបានយកម៉ូតូទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការនគរបាលខេត្ត ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]