រាជធានីភ្នំពេញ ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មអឹម នាងពេជ្រ សូលីកា បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន នៅតែមានមន្ទិលសង្ស័យដដែល បន្ទាប់ពីដើរចេញពីពិភពសិល្បៈ ពាក់កណ្តាលទី ដោយមិនបានបញ្ជាក់ពីមូលហេតុ ឱ្យបានច្បាស់លាស់ទេ ។

កន្លងមកគេនៅចាំបានថា តារាចម្រៀងមុខស្រស់រូបនេះ ធ្លាប់អះអាងតាមកញ្ចក់ទូរទស្សន៍ នៅក្នុងស្រុកមួយថា នាងនឹងផ្អាកសិល្បៈមួយរយៈ ដើម្បីបន្តការសិក្សា។ ប៉ុន្តែមួយរយៈក្រោយពេលដែលនាងបានប្រកាសនេះ ពេជ្រ សូលីកា ត្រូវគេដឹងថា នៅតែលឹបលម្តងម្កាលនៅក្នុងអាជីពសិល្បៈដដែល គ្រាន់តែនាងហាក់មិនសូវចេញមុខ ឱ្យបានពេញលេញដូចមុនប៉ុណ្ណោះ ។ សកម្មភាពនេះត្រូវគេសង្ស័យថា ពេជ្រ សូលីកា នៅតែស្រឡាញ់សិល្បៈដដែល ហើយការលាឈប់ពីសិល្បៈរបស់នាង ដោយសារតែមូលហេតុបន្តការសិក្សានោះ ទំនងគ្រាន់ជាលេសរបស់នាងប៉ុណ្ណោះ ព្រោះពេលនេះខ្សែជីវិតរបស់នាង កំពុងតែមានភាពត្រចះត្រចង់ ដោយសារតែនាងបានភ្ជាប់និស្ស័យស្នេហ៍ ជាមួយបុរសម្នាក់ដែលគេអះអាងថាជាមន្ត្រីធំ ទើបនាងមិនអាចវិលចូលសិល្បៈវិញបាន ។

ជុំវិញបញ្ហានេះ ពេជ្រ សូលីកា មិនដែលចេញមុខបកស្រាយ ឱ្យបានច្បាស់លាស់ឡើយ ផ្ទុយទៅវិញក្នុងរយៈពេលចុងក្រោយនេះ គេតែងឧស្សាហ៍ឃើញតារាចម្រៀងរូបនេះ បានបង្ហាញសកម្មភាព ផ្សេងៗ ដោយភាគច្រើនគេសង្កេតឃើញ នាងផ្ញើសារទៅក្រុមអ្នកគាំទ្រ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដោយសារតែពេលនេះ នាងបានឃ្លាតឆ្ងាយពីកញ្ចក់ទូរទស្សន៍ ពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រ ទើបនាងសម្រេចចិត្តប្រើវិធីនេះ ផ្តល់ព័ត៌មានឱ្យអ្នកគាំទ្រ ។

ជាក់ស្តែងកាលពីពេល ថ្មីៗនេះ ពេជ្រ សូលីកា បានធ្វើឱ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងសរសេរសារមួយឃ្លាខ្លី បង្ហោះនៅក្នុងហ្វេសប៊ុករបស់នាងថា «លាហើយសិល្បៈ ពិភពគួរឱ្យខ្លាច» ។

តាមរយៈសារមួយនេះបានបង្ហាញយ៉ាងច្បាស់ថា ការបន្តការសិក្សាមិនមែនជាហេតុ នាំឱ្យនាងបញ្ចប់អាជីពសិល្បៈឡើយ ផ្ទុយទៅវិញតារាចម្រៀងរូបនេះ ពិតជាមានបញ្ហាអ្វីមួយ ផ្សេងទៀតដែលធ្វើឱ្យនាងសម្រេចចិត្ត ដើរចេញពីអាជីពសិល្បៈ ត្រឹមពាក់កណ្តាលទីយ៉ាងដូច្នេះ ។ទាក់ទងនឹងបញ្ហានេះ កោះសន្តិភាពមិនអាចសុំការបកស្រាយ ពីតារាចម្រៀងពេជ្រ សូលីកា បានឡើយ ដោយសារតែលេខទូរស័ព្ទដែលនាងធ្លាប់ប្រើ មិនអាចទទួលការហៅចូលបានទេ ហើយមួយរយៈចុងក្រោយនេះ នាងតែងតែគេចចេញពីអ្នកសារព័ត៌មាន។

ពេជ្រ សូលីកា បានយកវេទិកាហ្វេសប៊ុកដែលជាបណ្តាញសង្គមដ៏ទំនើប និងពេញនិយមនៅក្នុងយុគសម័យនេះ ដើម្បីឆ្លើយតបជាមួយប្រិយមិត្តដែលធ្លាប់គាំទ្របទចម្រៀងរបស់នាង។ ពេជ្រ សូលីកា បានផ្ញើសារកាលពីពេល ថ្មីៗ នេះទៀតទៅកាន់អ្នកគាំទ្ររូបនាង ស្តីពីមូលហeតុដែលនាងសម្រេចឈប់ពីសិល្បៈ ដោយនាងនៅតែបញ្ជាក់ពីជំហររបស់នាងដដែលថា «មូលហេតុឈប់ពីសិល្បៈ មកពីខ្ញុំបន្តការសិក្សា ព្រោះសិល្បៈមិនអាចនៅគង់វង្សរហូតសម្រាប់ខ្ញុំទេ នេះហើយជាការសម្រេចចិត្តរបស់ខ្ញុំ» ។

តាមរយៈសារមួយនេះ រឹតតែធ្វើឱ្យអ្នកគាំទ្ររបស់សូលីកាកាន់តែឆ្ងល់ខ្លាំងឡើង ព្រោះម្តងនាងថា ឈប់ពីសិល្បៈដោយសារវាជាពិភពគួរឱ្យខ្លាច ហើយម្តងនាងថា មូលហេតុដោយសារជាប់បន្តការសិក្សា ។ ដូច្នេះហើយ គេសន្និដ្ឋានថា ពេជ្រ សូលីកា នៅតែមិនមានភាពច្បាស់លាស់ពីមូលហេតុដើរចេញពីពិភពសិល្បៈទេ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]