អាពាហ៍ពិពាហ៍ គឺជារឿងមួយដែលសំខាន់ និងមានអត្ថន័យ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ នៅពេលដែល ថ្ងៃរៀបការជិតមកដល់ គូស្នេហ៍នីមួយៗ តែងតែភ័យអរៗ និងមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ជាពិសេសអ្នកដែលជួបគូសេ្នហ៍ ដែលខ្លួនស្រឡាញ់ពិតៗ។ ទន្ទឹមនឹងនេះដែរ ស្ត្រីដែលទទួលបាននូវ ចំណងដៃអាពាហ៍ពិពាហ៍រួចហើយ គួរតែផ្លាស់ប្ដូរខ្លះៗនូវអ្វីដែលខ្លួនធ្លាប់ធ្វើកាលពីនៅលីវ។ រាល់ចំណុចខាងក្រោមនេះ គឺសុទ្ធសឹងតែជាចំណុចល្អ ដែលស្ត្រីគ្រប់រូបគួរយកមកអនុវត្តន៍ ដើម្បីធ្វើឲ្យគ្រួសារមានសុភមង្គល។

1. សម្លៀកបំពាក់

       នារីដែលរៀបការហើយ គួរប្រើសម្លៀកបំពាក់ភាគច្រើនជាស្ត្រីមេផ្ទះ និងជាម្ដាយដ៏គំរូម្នាក់។ ដូចជាការផ្លាស់ប្ដូរពីការប្រើសំពត់ខ្លីៗ មកជាខោជើងវែង ឬជើងទ្រការ បើជាសំពត់ត្រូវតែត្រឹមជង្គង់វិញ តែអាចប្រើជាខោខ្លីក៏បានងាយធ្វើការងារផ្ទះផង។ អាវជាលក្ខណៈ អាវយឺត ឬសាច់ក្រណាត់ ក៏បានដែលមានករ ហើយមិនត្រូវរឹបពេកទេ។ ចំណែកឯពណ៌ ក៏មិនត្រូវស្រស់ពេកដែរ អ្នកអាចជ្រើសរើសយក ពណ៌ស្រាលៗដូចជា ឈូក ផ្ទៃមេឃ ឬប្រផេះជាដើម។ ជាពិសេស រាល់ពេលចេញទៅក្រៅ គួររៀបចំខ្លួនឲ្យសក្តិសមជាមួយ នឹងស្វាមី របស់ខ្លួន។

រាល់ដំណើរកម្សាន្ត៖ គួរស្លៀកពាក់បែបស្រស់ៗ តែកុំឆើតពេក អាចលក្ខណៈជាឈុត ឬរ៉ូបវែងៗ។ ដោយឡែក នៅពេលដើរផ្សារ គួរស្លៀក ខោខ្លី អាវសាច់សារ៉ូ ឬជាឈុតក៏ប្រើបានប្រសិនបើដើរទិញដើរអីវ៉ាន់។ មួយវិញទៀត ដូចជាមានកម្មវិធីម្ដងៗ ស្ត្រីដែលមានស្វាមី រួចគួររៀបចំខ្លួនតាមកាលៈទេសៈផងដែរ តែបើស្វាមីជាមនុស្សចូលចិត្តស្អាត អ្នកអាចបញ្ចេញជាមួយរ៉ូបសិចស៊ីចេញខ្នង ឬដើមទ្រូងក៏បាន។

2. ការតុបតែងខ្លួន៖

      ស្ត្រី គួរចងសក់ឲ្យផុតជានិច្ច លើកលែងតែចេញទៅក្រៅម្ដងៗ។ ការផាត់មុខត្រូវឲ្យមានម្សៅបន្តិច បន្តួច ឬអាចលាបឡេ ការពារ កំដៅថ្ងៃ ហើយបន្ថែមជាមួយនឹងក្រេម។ ។ មិនត្រូវលេងពណ៌សក់ខ្លាំងពេកទេ អាចជាពណ៌សូកូឡា ឬសំបកម្ឃុតស្រាលក៏ស្អាតដែរ ជៀសវាងកុំឲ្យលឿងពេក។ ការផាត់មុខ គឺមិនត្រូវក្រាសពេកទេ លើកលែងតែមានកម្មវិធីម្ដងៗ។ មួយវិញទៀត សម្រាប់ស្ត្រីដែល រៀបការហើយ គួរក្រងសក់ ឬក្របួចឲ្យអស់ លើកលែងតែពេលចេញទៅកម្មវិធីអាចមូររួញ ឬម៉ូដម្ដងៗ( ការមូររួញ អាចជាលលក្ខណៈ ចុងៗសក់ជាការស្រេច។ ចំណែកស្បែកជើងកែង មិនត្រូវពាក់ខ្ពស់ពេកទេ ជួនកាលស្វាមីមានកម្ពស់ទាបជាងអ្នក ដូចនេះអ្នកត្រូវប្រើ កែងតិច ឬឃ្លប់រាបស្មើមានម៉ូដបន្តិចក៏បាន ប៉ុន្តែបើស្វាមីខ្ពស់វិញ អ្នកអាចប្រើស្បែកជើងកម្ពស់សមល្មមជាមួយនឹងកម្ពស់ស្វាមីរបស់អ្នក។ ចំណែកការលេងម៉ូដក្រចកវិញ គឺវាមិនមែនជាបញ្ហាធំនោះទេ ព្រោះវាជាផ្នែកមួយដែល ស្ត្រីអាចផ្លាស់ប្ដូរបាន ទៅតាមចំណង់ចំណូល ចិត្តរបស់ខ្លួន ហើយមួយវិញទៀតគឺវាមិនប្រកាន់ទៅលើកាលៈទេសៈពេកទេ។

3. ទំនាក់ទំនង

       ការប្រាស្រ័យទាក់ទង៖ មិនត្រូវមានទំនាក់ទំនង ជាមួយមិត្តភក្តិបុរសជិតស្និទពេកទេ ដែលជាដើមចមធ្វើឲ្យចិត្ត ស្វាមីមានការភ័ន្ត ច្រឡំ។ ការដើរលេងត្រូវជា លក្ខណៈគ្រួសារជានិច្ច ដោយការផ្លាស់ប្ដូរពីនារីក្រមុំទៅជាប្រពន្ធដ៏ល្អម្នាក់ មិនត្រឹមតែប៉ុណ្ណោះត្រូវ មានទំនាក់ ទំនងល្អជាមួយម្ដាយឪពុកក្មេក។




អត្ថបទ៖ ចន្ទ សិរីរដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]