ឡាវ៖ បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅប្រទេស ឡាវ កាលពីសប្តាហ៍មុនរួចមក គ្រួសារជនរងគ្រោះម្នាក់ៗ ទទួលបានប្រាក់សំណង់សរុបចំនួន ៧.៥០០ដុល្លារ និងសំណងបន្ថែមមួយចំនួនទៀត នៅថ្ងៃមុខ។

យោងតាមគេហទំព័រ អាស៊ីញូណិត ចេញផ្សាយនៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៣នេះថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ និងក្រុមហ៊ុនធានារ៉ាប់រងរបស់ខ្លួន បានចំណាយប្រាក់ចំនួន ២០លានគីប ស្មើនឹង ២.៥០០ដុល្លារ និង ៥.០០០ដុល្លារ រៀងៗខ្លួន ដើម្បីផ្តល់សំណងទៅឲ្យ គ្រួសារជនរងគ្រោះម្នាក់ៗ ដែលជួបឧប្បតិហេតុធ្លាក់យន្តហោះ កាលពីសប្តាហ៍មុន។

អគ្គនាយកទូទៅ នាយកដ្ឋានសហប្រតិបត្តិការ និងផែនការរបស់អាកាសចរណ៍ឡាវ លោក ស៊ីតធីដេត ដួងសិតធី បានឲ្យដឹងថា ការចំណាយដំបូង គឺមានសំណងសម្រាប់ចំណាយ ទៅលើការធ្វើបុណ្យសព និងសំណងមួយចំនួនទៀតទៅថ្ងៃមុខ។

ពាក់ព័ន្ធនឹងសំណងនេះដែរ លោក ស៊ិតធីដេត មិនអាចផ្តល់ព័ត៌មានលម្អិតណាមួយនោះទេ ស្តីអំពីការផ្តល់សំណងពេលក្រោយ។ ជាមួយគ្នានោះដែរ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ នៅទីក្រុង វៀងចន្ទន៍ អនុប្រធានអាកាសចរណ៍ឡាវ លោក សមសាម៉ៃ វិសួនណាឡាត់ បាននិយាយថា ក្រុមហ៊ុនធានារ៉ាប់រង គឺផ្តល់សំណងសម្រាប់ឧប្បតិហេតុនេះ គិតជាទឹកប្រាក់រហូតដល់ជាង ១០០លានដុល្លារអាម៉េរិក ប៉ុន្តែលោកមិនអាចផ្តល់ព័ត៌មាន ជាក់លាក់ជាងនេះទៀតទេ។

គួរបញ្ជាក់ផងដែរថា អ្នកដំណើរទំាងអស់ដែលជិះ នៅលើយន្តហោះនោះ មានចំនួន ៤៤នាក់ ក្នុងនោះមាន ១៦នាក់ជាជនជាតិឡាវ, ជនជាតិបារំាង ០៧នាក់, ជនជាតិអូស្រ្តាលី ០៦នាក់, ថៃ ០៥នាក់, កូរ៉េខាងត្បូង ០៣នាក់, វៀតណាម ០៣នាក់, អាម៉េរិក ០១នាក់, ចិន ០១នាក់, ម៉ាឡេស៊ី ០១នាក់ និងជនជាតិតៃវ៉ាន់ម្នាក់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]