ភ្នំពេញៈ តារាស្រីធ្លាប់គ្រងតំណែងតួឯក និងជាតារាចម្រៀងជួរមុខ ប្រចាំផលិតកម្ម ក្លាស៊ីក កញ្ញា សុគន្ធ អារីយ៉ា ថ្មីៗនេះបានលេចឮព័ត៌មានថា នាងបានដឹកដៃតារាចម្រៀងរួមដំបូល លោក រាជ បុរី ចេញពីផលិតកម្មមួយនេះ បន្ទាប់ពីមានព័ត៌មានលេចឮថា ម្ចាស់ផលិតកម្ម លោក ហួរ សុផល ត្រូវបានតុលាការសាលាដំបូង កោះហៅឲ្យចូលខ្លួនមកបំភ្លឺ ពីបទចេញសែកអត់សាច់ប្រាក់ចំនួន២ម៉ឺនដុល្លារ ឲ្យទៅលោក ម៉ៃ សុគន្ធ ជាអ្នកធ្លាប់រាប់អានគ្នាជិតស្និទ្ធ ។

តារាស្រីដែលធ្លាប់មានឈ្មោះ បោះសំឡេងល្បី លេចធ្លោតាមរយៈការសម្តែង និងច្រៀងនៅផលិតកម្មក្លាស៊ីក កញ្ញា សុគន្ធ អារីយ៉ា ត្រូវបានប្រភពពីអ្នកសិល្បៈ រួមអាជីព បង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា ពេលនេះនាងបានស្ពាយបង្វិចចាកចេញពីទ្រនំចាស់ ដោយបានដឹកដៃបុរសសង្ហា លោក រាជបុរី ជាដៃគូទៅជាមួយគ្នាថែមទៀតផង ។ ការចាកចេញពីផលិតកម្មនេះ គឺមកពីនាងអស់សង្ឃឹមថា ទ្រនំមួយនេះមិនអាចជួយជ្រោង ឲ្យនាងទទួលបានភាពល្បីល្បាញទៀតទេ បើទោះបីជាមានបងប្រុសបង្កើតជាម្ចាស់ផលិតកម្មក៏ដោយ។

បើតាមប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា ក្នុងមួយរយៈពេលនេះ សន្ទុះកេរ្តិ៍ឈ្មោះរបស់នាង មិនសូវមានភាពលេចធ្លោខ្លាំងប៉ុន្មានទេ ដោយសារតែខាងផលិតមិនសូវចេញ បទចម្រៀងឲ្យនាងច្រៀង ដូចមុនទេ ។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ម្ចាស់ផលិតកម្មក្លាស៊ីក លោក ហួរ សុផល ត្រូវជាបងប្រុសបង្កើតរបស់នាង ត្រូវគេដាក់ពាក្យបណ្តឹង ពីបទក្បត់សេចក្ដីទុកចិត្ត ហើយក៏លេចឮថា កញ្ញា សុគន្ធ អារីយ៉ា ក៏សម្រេចចិត្តចាកចេញ ពីផលិតកម្ម របស់បងប្រុសនាងដូចគ្នា ។ សម្រាប់មូលហេតុវិញ ត្រូវបានប្រភពលួចបង្ហើបប្រាប់ឲ្យដឹងថា ប្រហែលជានាងខ្លាចរឿងនេះ ប៉ះពាល់ជាមួយ កិត្តិយសកេរ្តិ៍ឈ្មោះនាង នៅក្នុងវិថីសិល្បៈ ហើយមើលទៅ បានជាប្រញាប់ប្រញាល់ ដឹកដៃ លោក រាជបុរី ចាកចេញយ៉ាងឆាប់រហ័សបែបនេះ ។

ទោះជាមានការបង្ហើបប្រាប់បែបនេះក្ដី ក៏ប្រភពមិនទាន់បានប្រាប់ច្បាស់លាស់ថា នាងមានគម្រោងទៅជ្រកក្រោមដំបូល ផលិតកម្មណាមួយនៅឡើយទេ ។ LookingTODAY បានព្យាយាមទាក់ទង ទៅតារាចម្រៀងធ្មេញជំពើស កញ្ញា សុគន្ធ អារីយ៉ា ដើម្បីឲ្យនាងបកស្រាយ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣នេះ តែនាងមិនបានផ្តល់បទសម្ភាសន៍ណាមួយឡើយ ។ សុគន្ធ អារីយ៉ា គ្រាន់តែនិយាយយ៉ាងខ្លីថា "ពេលនេះខ្ញុំមិនអាចផ្តល់បទសម្ភាសន៍បានទេ ព្រោះរវល់ធ្វើការ ចាំពេលក្រោយ" រួចក៏បិទទូរស័ព្ទតែម្តងទៅ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]