ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំសំរោងធំ ស្រុកកៀនស្វាយ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់អំពើហិង្សា ខណៈ ផឹកស្រាស្រវឹង ហើយវាយម្តាយនិងកូនបង្កើតរបស់ខ្លួនឯង បណ្តាលឲ្យរងរបួស ។ ហេតុការណ៍នេះ បានបង្កភាព ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ។        

ជនសង្ស័យដែលនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំសំរោងធំ ធ្វើការឃាត់ខ្លួនខាងលើនេះ ឈ្មោះ ឃុត ធន អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។

តាមប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យខាងលើ នៅពេលផឹកស្រាស្រវឹងម្តងៗ តែងតែរករឿងវាយកូន និងម្តាយបង្កើត របស់ខ្លួន ជាញឹកញាប់ រហូតដល់ថ្ងៃកើតហេតុលើនេះ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ឃុំសំរោងធំ ធ្វើការឃាត់ខ្លួន បញ្ជូនមកអធិការស្រុកតែម្តង ។ 

នៅអធិការស្រុកកៀនស្វាយ លោក យាយ លី គង់ អាយុ៨៦ឆ្នាំ និងចៅចំនួន៥នាក់ បានធ្វើដំណើរមកកាន់អធិការ ដើម្បីសុំ លោក ប៉ា សំអិត អធិការនគរបាលស្រុក ដើម្បីធានាឈ្មោះ ឃុត ធន ដែលជាកូនរបស់គាត់នោះត្រឡប់ទៅផ្ទះវិញ ។

លោក យាយ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ ត្រូវប្រពន្ធចុះចោល តាំងពីកូនពៅមានអាយុ១ឆ្នាំ ។ ដោយឡែកកូនបងស្រី អាយុ ១៥ឆ្នាំ ដើរស៊ីឈ្នួលគេយកលុយមកចិញ្ចឹមប្អូនៗ និងចិញ្ចឹមរូបគាត់ ផងដែរ ។ លោកយាយបន្តទៀតថា សព្វថ្ងៃនេះ លោកយាយវេទនាណាស់ កូន ប្រុសឈ្មោះ ឃុត ធន ស្រវឹងស្រាស្ទើររាល់ថ្ងៃ មិនសូវជួយមើលកូនតូចៗទេ រាល់ថ្ងៃគាត់អាណិតចៅៗណាស់ ព្រោះពួកគេមិនសូវបានចូលរៀន ។ 

ដោយឡែក លោក ប៉ា សំអិត អធិការនគរបាលស្រុកបានប្រាប់ថា ករណីជនសង្ស័យខាងលើនេះ លោកអាចធ្វើការសម្របសម្រួលបាន លុះត្រាធ្វើ សំណើពីលោកមេឃុំហើយ លោកត្រូវធ្វើរបាយការណ៍ ជូនទៅថ្នាក់លើផងដែរ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]