ភ្នំពេញៈ កន្លងមកទស្សនិកជន ធ្លាប់តែបានស្តាប់ ការបកស្រាយបទចម្រៀង តាមឃ្លីបវីដេអូ ដែល កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហោះនៅលើ Facebook របស់នាង ។ តែកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ នាងបានបង្ហាញវត្តមាន និង បង្ហើរសំនៀងជាសាធារណៈ លើកដំបូង ធ្វើឲ្យអ្នកគាំជាច្រើន មានការរំជួលចិត្តអាណិតនាងជាពន់ពេក ។

ថ្មីៗនេះ មានទស្សនិកជនជាច្រើនរយនាក់ បានទិញសំបុត្រ ចូលទស្សនាការប្រគំតន្ត្រី នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ក្នុងគោលបំណង រៃអង្គាសប្រាក់ ទៅជួយកុមារកំព្រា នៅ ខេត្តកោះកុង ដោយនៅក្នុងនោះ មានវត្តមានតារាចម្រៀងធ្លាប់មានឈ្មោះល្បីសុះសាយ កញ្ញា ពៅ បញ្ញាពេជ្រ បង្ហាញវត្តមានបកស្រាយបទចម្រៀងផងដែរ ។ គ្រាន់តែពិធីករ-ពិធីការិនី ប្រកាសឈ្មោះ តារាចម្រៀង សំឡេងផ្អែមស្រទន់ កញ្ញា ពៅ បញ្ញាពេជ្រ ភ្លាម សំឡេងទះដៃគាំទ្របានបន្លឺឡើងយ៉ាង កងរំពងស្វាគមន៍វត្តមាននាង នៅលើវេទិកាតន្រ្តី នៅក្នុងនោះ តារាចម្រៀងស្រី រូបនេះ បានរើសយកបទចម្រៀង បែបមនោសញ្ចេតនា លន្លង់លន្លោចជាច្រើនបទទៅបកស្រាយ ក្នុងកម្មវិធីនោះ ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលទស្សនិកជន មិនបានឃើញវត្តមាន តារាចម្រៀងសុភាពរាបសារ ស្រគត់ស្រគំ កញ្ញា ពៅ បញ្ញាពេជ្រ បង្ហាញវត្តមា ននៅលើកញ្ចក់ទូរទស្សន៍ ឬក៏បង្ហើរសំនៀង ជាសាធារណៈ បែបនេះឡើយ។ តែក្រោយពីនាងបង្ហាញវត្តមាន គេសង្កេតឃើញថា មាន អ្នកគាំទ្រជាច្រើនរយនាក់ សម្តែងការគាំទ្រខ្លាំងហួសពីការរំពឹងទុក។ មិនតែប៉ុណ្ណោះ ទស្សនិកជន ដែលចូលរួមទស្សនា ក្នុងកម្មវិធីនោះ ក៏បានចំណាយថវិកាផ្ទាល់ខ្លួន ជួយនាងតាមលទ្ធភាពផងដែរ។

បន្ទាប់ពីការលេចវត្តមាន កញ្ញា ពៅ បញ្ញាពេជ្រ លើកទី១នេះ បានធ្វើឲ្យទស្សនិកជនជាច្រើន មានក្តីសង្ឃឹមថា ពួកគាត់នឹងបានឃើញវត្តមាន នាងនៅលើកញ្ចក់ទូរទស្សន៍ និងកម្មវិធីខនសឺតជាច្រើនទៀត ជាបន្តបន្ទាប់ នៅពេលក្រោយៗទៀតជាក់ជាមិនខាន ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]