រតនគិរី ៖ ជនដៃដល់ ដែលជាប់ពាក់ ព័ន្ធ និងសកម្មភាពបាញ់សម្លាប់ថៅកែចំការកៅស៊ូ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៣ ត្រូវបានចាប់ខ្លួន កាលពី វេលាម៉ោង៨យប់ថ្ងៃទី២១ ខែតុលា ស្ថិតនៅ ក្នុងផ្ទះសំណាក់មួយកន្លែង ក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ស្រុកបានលុង ខេត្ដ រតនគិរី ។

ការចុះទៅឃាត់ខ្លួនជនសង្ស័យបាញ់សម្លាប់ ថៅកែចំការ ៣០០ហិកតា ស្ថិតនៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្ដរតនគិរី ខាងលើនេះ ដឹកនាំពីសំណាក់ ព្រះរាជអាជ្ញារង លោករស់ សារាំ និងលោក ផែន ឌីណា ស្នងការរង នគរបាល និងជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌ ព្រមទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋានមួយចំនួន ទៀតផង ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បាន និយាយថា ជនសង្ស័យរូបនេះ ឈ្មោះសុខ ណា ហៅ ខ្នា អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិ២ ឃុំល្អក់ ស្រុកអូរជុំ ។

 បើតាមសមត្ថកិច្ចជនសង្ស័យរូបនេះ មានចំការកៅស៊ូ ប្រមាណ១០ហិកតា នៅ ជាប់ចំការកៅស៊ូជនរងគ្រោះ ហើយកន្លង ទៅពួកគេទាំងពីរនាក់ មានជម្លោះជាមួយគ្នា រឿងព្រំដី ហើយជនសង្ស័យធ្លាប់បោះពាក្យសំដីថា អ្ហែងរស់នៅមិនបានសុខនោះទេ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ឆ្លើយដោះសារថា ដេកក្នុងសំណាក់រង់ចាំ ស្រីស្នេហ៍របស់ខ្លួន ប៉ុន្ដែដោយមានភស្ដុតាង និងស្រាវជ្រាវតាមជំនាញរបស់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានឃាត់ខ្លួន និងបន្ដ សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ។

សូមបញ្ជាក់ថា: ថៅកែចំការកៅស៊ូដ៏ធំម្នាក់ នៅស្រុកអូរជុំ ខេត្ដរតនគីរី ត្រូវបានជន សង្ស័យមិនស្គាល់មុខ បាញ់ សម្លាប់នៅ កណ្ដាលចំការយ៉ាងអាណោចអាធម្ម កាលពី វេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងចំការកៅស៊ូរបស់ ខ្លួន នៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្ដ រតនគីរី។ ក្រោយពី ទទួលសេចក្ដី រាយការណ៍ ពីករណីឃាតកម្មបាញ់សម្លាប់ ថៅកែចំការ កៅស៊ូខាងលើនេះ ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្ដរតនគីរី លោក រស់ សារាំ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដ កម្លាំងនគរ បាលបច្ចេកទេស សហការជា មួយកម្លាំងនគរបាលស្រុកអូរជុំ និងសមត្ថ កិច្ចមូលដ្ឋាន ចុះទៅត្រួតពិនិត្យ នៅកន្លែង កើត ហេតុភ្លាមៗ និងធ្វើកោសល្យវិច័យទៅ លើសពជនរងគ្រោះ ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ថៅកែចំការកៅស៊ូ ដែលត្រូវជនមិនស្គាល់ មុខបាញ់សម្លាប់ខាងលើ នេះ មានឈ្មោះ សែ ម៉ូវសែ អាយុជាង ៥០ឆ្នាំ រស់នៅក្រុង តាខ្មៅ ខេត្ដកណ្ដាល រីឯប្រពន្ធរបស់ខ្លួនរស់ នៅសហ រដ្ឋអាមេរិកឯណោះ ។

មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដទៀតថា ជនរងគ្រោះ មានចំការកៅស៊ូចំនួន ៣០០ ហិកតា និងមានកម្មករ ជាច្រើននាក់ស្នាក់ នៅ និងធ្វើការជាមួយគាត់ ។ លោក ឆាយ ជា កម្មករស៊ីឈ្នួលធ្វើស្មៅ ក្នុងចំការកៅស៊ូបាននិយាយថា ថៅកែរបស់ គាត់ មានអត្ដចរិត ស្លូតបូត ស្រឡាញ់រាប់ អានកម្មករ ដែលធ្វើការងារឱ្យគាត់ ពោល ចុះសម្រុងជាមួយកម្មករ ទាំងការហូបចុក និងការស្នាក់នៅ ។

លោក ឆាយ ជា បាននិយាយទៀតថា នៅរៀងរាល់ព្រឹក ថៅកែរបស់គាត់តែងតែ ដឹកកម្មករតាមរថយន្ដ តូយូតា ១បាំងកន្លះ ដាក់តាមថ្នល់កៅស៊ូ ដើម្បីសំអាតស្មៅដូច សព្វមួយដង ប៉ុន្ដែ នៅថ្ងៃកើតហេតុនេះ វេលាម៉ោងជិត ១១ព្រឹក ពេលហូបបាយថ្ងៃ ត្រង់ ពួកគាត់មិនបានថៅកែបើករថយន្ដ មកយកពួកគាត់ ទៅ ហូបបាយនោះទេ ក៏នាំ គ្នាដើរមក ស្រាប់តែឃើញថៅកែដេកផ្កាប់ មុខលើផ្លូវជន្លងកៅស៊ូ ស្លាប់បាត់ទៅ ហើយ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខេត្ដរតនគីរី បាននិយាយថា ជាការសន្និដ្ឋានជំហានដំបូង របស់សមត្ថកិច្ច ជន រងគ្រោះត្រូវបានជនមិន ស្គាល់មុខ រៀបចំផែនការទុកជាមុនហើយ មានគ្នាចាប់ពី ២នាក់ឡើងទៅ ហើយ ប្រើ កាំភ្លើងវែងអាកា បាញ់ទៅលើជនរងគ្រោះ ដោយបន្សល់ទុកសំបកកាទូសមួយផងដែរ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌរូបនេះ បានបន្ដ ថា ជនបង្កបានបាញ់ជនរងគ្រោះចេញពី កម្ពោធព្រៃ ដែលមាន ចម្ងាយប្រហែល ៣ ម៉ែត្រ ហើយបាញ់ចំឆ្អឹងខ្នងពីក្រោយ ធ្លាយមកចុងដង្ហើម ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ។ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នេះ សពជនរងគ្រោះត្រូវបានសាច់ញាតិដឹក យកទៅធ្វើបុណ្យតាម ប្រពៃណីនៅផ្ទះរបស់ ខ្លួន ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល ៕


















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]