ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាព្រួតវាយរហូតទ្រមខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់ខ្សែកពីស្ត្រី ២នាក់ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវទេពផន (១៨២) កែងផ្លូវ២២៣ ខាងលិចផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

នគរបាលមូលដ្ឋានបានឲ្យដឹងថា សង្ស័យទាំង ២នាក់ ត្រូវបានគេស្គាល់ទី១-ឈ្មោះ ជូ សត្យា ភេទប្រុស អាយុ ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២ វិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះលេខ៣Q ផ្លូវ២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ទី២-ឈ្មោះ ពៅ ភត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកស្ត្រីរងគ្រោះទាំង ២នាក់នោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុ បានដណ្តើមយកខ្សែក ពីក្រុមជនសង្ស័យ ហើយជិះម៉ូតូចេញពីកន្លែង កើតហេតុបាត់។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នេះ ដកហូតបានម៉ូតូម៉ាក អាយខុនពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AZ-3202 មួយគ្រឿង ដែលជាមធ្យោបាយ ធ្វើសកម្មភាព ឆក់នេះតែម្តង។

នគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រី រងគ្រោះទាំង២នាក់ នោះបានជិះម៉ូតូ១គ្រឿង ឌុបគ្នាដោយជិះ តាមបណ្តោយផ្លូវទេពផន (១៨២)ក្នុង ទិសដៅពីលិចមកកើត លុះជិះមកដល់ចំណុច កើតហេតុក៏ស្រាប់តែមានជន សង្ស័យ២នាក់ ជិះម៉ូតូ ម៉ាកអាយខុន មួយគ្រឿងមកអែបក្បែរ ហើយធ្វើសកម្មភាពឆក់យកខ្សែកពីស្ត្រី ម្នាក់នោះបានសម្រេចតែម្តង ប៉ុន្តែជួបសំណាងអាក្រក់ នៅក្នុងហេតុការណ៍នោះ ម៉ូតូជនសង្ស័យ ប៉ះដៃចង្កូត ម៉ូតូជនរងគ្រោះ បណ្តាល ឲ្យដួលនោះ ទើបជនសង្ស័យក៏ត្រូវប្រជាពលរដ្ឋព្រួតវាយរហូតទ្រោម ។ ចំណែកខ្សែកត្រូវស្ត្រីរងគ្រោះ ដណ្ដើមយកបានវិញ ហើយជិះម៉ូតូទៅ បាត់។

បច្ចុប្បន្ន សង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]