កំពង់ចាមៈ នគរបាលស្រុកមេមត់ បានចាប់ខ្លួនជនសង្ស័យ ឈ្មោះ យូវ ថា ហៅហ្វុយហ្សោ អាយុ៣៣ឆ្នាំ កាលពីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ ក្រោយពីជនសង្ស័យរូបនេះ បានវាយសម្លាប់ប្អូនប្រុស បង្កើត របស់ខ្លួនកាលពីយប់ ថ្ងៃទី១៧ ខែតុលា នៅចំណុចមុខផ្ទះ ឪពុកម្តាយរបស់ខ្លួន ស្ថិតក្នុងភូមិដារលិច ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះត្រូវជាប្អូនប្រុសបង្កើត របស់ជនសង្ស័យ ឈ្មោះ នី អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៩ និង២៥នាទីយប់ ថ្ងៃទី១៧ ខែតុលា ជនរងគ្រោះ ឈ្មោះ នី បានផឹកស្រាស្រវឹង ហើយបានមករករឿងឪពុកម្តាយឲ្យលក់ដីកេរ្តិ៍ មួយកន្លែងឲ្យខ្លួន ។ ហើយការស្រែកឡូឡា ទាមទារនោះ បានធ្វើឲ្យមានការតប ត ពីឪពុកវិញផងដែរ រហូតដល់បងប្រុស ឈ្មោះ យូវ ថា ហៅហ្សុយ ហ្សោ មកដល់ឃាត់មិនស្តាប់ បែរជាបុរសជាប្អូន ក្នុងអាការៈ ស្រវឹង បានយកដំបងឈើ វាយទៅលើបងប្រុស របស់ខ្លួន ប៉ុន្តែវាយមិនត្រូវ ហើយខណៈនោះ បុរសជាបង បានដណ្តើមដំបងពីប្អូនបាន ក៏យកដំបងនោះ វាយទៅលើប្អូនវិញ រហូតស្លាប់នៅកន្លែងកើតហេតុតែម្តង ក្រោយមក បុរសជាបងក៏រត់គេច ខ្លួនបាត់ទៅ ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ក្រោយហេតុការណ៍ លោក ឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការ នគរបាលខេត្ត ក៏ដូចជា លោក ជឹម សេងហុង ស្នងការរង ទទួលកិច្ចការព្រហ្មទណ្ឌ បានបញ្ជា កម្លាំង នគរបាលជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ធ្វើការស្រាវជ្រាវ ភ្លាមៗទាក់ទង ទៅនិងករណី ឃាតកម្មនោះ ។ ហើយក្រោយពីសមត្ថកិច្ចបានកំណត់មុខសញ្ញាបានហើយ ទើបនៅថ្ងៃទី២០ ខែតុលា នៅពេល ដែល ជនដៃដល់ បានវិលចូលផ្ទះ សមត្ថកិច្ចស្រុកមេមត់ បានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូន ទៅ តុលាការខេត្តកំពង់ចាម ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ ។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ផងដែរថា ក្រោយពីបានឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា នៅ យប់ថ្ងៃកើតហេតុ ខណៈពេលដែលខ្លួនបាន វិលមកពីស៊ីឈ្នួល លីសែងឲ្យគេក្នុងភូមិ ក៏បានឃើញប្អូនប្រុស ឈ្មោះ នី ស្រវឹងស្រា ថែមទាំងស្រែកជេរ ឪពុកម្តាយ របស់ខ្លួននៅមុខផ្ទះ ខ្លួនក៏ឃាត់សួរនាំ ដឹងថា ប្អូនប្រុស ឡូឡា ចង់ឲ្យឪពុកលក់ដីកេរ ។ ហើយការឈ្លោះប្រកែកពាក្យសម្តី នៅតែបន្ត បើទោះជាខ្លួនបានឃាត់ យ៉ាង ណាក៏ដោយ ។ បន្ទាប់មក ខាងប្អូនប្រុស បានយកដំបងវាយ មកលើខ្លួន ប៉ុន្តែមិនត្រូវ ទើបខ្លួនខឹងពេក ក៏ដណ្តើមដំបងពីប្អូន បានហើយវាយបកវិញ រហូតដល់ស្លាប់តែម្តង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]