ខេត្តប៉ៃលិន ៖ បុរសស៊ីមពីរម្នាក់ជាគ្រូទាយសន្លឹកបៀ បានខ្ចីចានបាយស្រ្តីមេម៉ាយម្នាក់យក ដាក់ម្ហូបទៅហូប តែដល់ពេលនាងទៅទារយកចានមកវិញ បែរជាអត់ចង់ឲ្យ ក៏ជជែកគ្នារហូតដល់បង្កទៅ ជាជម្លោះពាក្យសម្តី ស្រាប់តែគ្រូទាយស៊ីមពីរម្នាក់នោះ បានយកចានបាយគប់ទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យបែកក្បាលផ្នែកខាងឆ្វេងដេរអស់ ៥ថ្នេរ ត្រូវស្រ្តីរងគ្រោះប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ឲ្យចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការក្រុងប៉ៃលិន។ ចំណែកស្រ្តីរងគ្រោះត្រូវគេបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទី យប់ថ្ងៃទី១៩ តុលា ២០១៣ នៅក្រោយវត្តពោធិ៍មារាម ហៅវត្តប៉ាហ៊ី ខាងត្បូងផ្លូវបែកជាបួន ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ស្រ្តីមេម៉ាយរងគ្រោះ ឈ្មោះ ឆន នី អាយុ ៣០ឆ្នាំ ជាអ្នកលក់ដូរនៅខាងក្រោយវត្ត។ ចំណែកគ្រូទាយស៊ីមពីរ ឈ្មោះ ហេង វិរៈ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅផ្ទះក្បែរគ្នានឹងផ្ទះស្រ្តីរងគ្រោះ ហើយទាំងពីរនាក់រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីស្រ្តីមេម៉ាយរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុរូបនាងកំពុងតែលក់ ដូរនៅមុខផ្ទះរបស់ខ្លួន ស្រាប់តែមានបុរសស៊ីមពីរម្នាក់ជាគ្រូទាយសន្លឹកបៀ បានមកទិញសាច់មាន់របស់នាង ហើយក៏បានខ្ចីចានបាយមួយដាក់ សាច់មាន់យកទៅផ្ទះរបស់គេ លុះយកទៅពីរបីថ្ងៃហើយអត់ ឃើញយកត្រលប់មកឲ្យនាងវិញ ទើបនាងទៅទារយកចានបាយរបស់ខ្លួន ស្រាប់តែបុរសនោះ និយាយថា គាត់មិនបានយកចានបាយរបស់នាងមកទេ តែនាងប្រាប់ថា បានខ្ចីចានដាក់សាច់មាន់យកមកផ្ទះខ្លួនកាល ពីប៉ុន្មានថ្ងៃមុនម្តេចក៏អត់ចាំ។

ក្រោយមកបុរសស៊ីមពីរនោះ ប្រកែកយ៉ាងតឹងសរសៃកថា គាត់ពិតជាអត់បានយកចានបាយនោះទេ។ ខណៈដែលកំពុងតែជជែកគ្នានោះ ស្រាប់តែបុរសស៊ីមពីរបានដើរទៅក្បែររាវចាន រួចស្ទុះទៅទាញយកចាន បាយគប់ទៅលើក្បាលស្រ្តីរងគ្រោះ បណ្តាលឲ្យបែកហូរឈាមជោកខ្លួនតែម្តង។ ចំណែកជនដៃដល់ បានរត់ទៅសម្ងំនៅក្នុងផ្ទះរបស់ខ្លួន ទើបនាងទៅរកគ្រូពេទ្យដេរក្បាល រួចទៅដាក់ពាក្យបណ្តឹងភ្លាមៗ នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ឲ្យចាប់ឃាត់ខ្លួនសួរនាំ រួចបញ្ជូនទៅអធិការក្រុងប៉ៃលិន ដើម្បីចាត់ការទៅតាមច្បាប់។

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន បានឲ្យដឹងថា បុរសដៃដល់ខាងលើ បានបញ្ជូនទៅអធិការក្រុងប៉ៃលិន នៅព្រឹកថ្ងៃទី២០ តុលា ២០១៣ ដើម្បីចាត់ការបន្ត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]