ភ្នំពេញ ៖ ទ្វារ និងរបងផ្ទះ ចំនួន២ ល្វែងជាប់គ្នា ត្រូវរងការ ខូចខាតបាក់បែកខ្ទេចខ្ទី ដោយរថយន្ត បើកបុកពេញ ទំហឹង កាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយ ផ្លូវ៥០៨ ក្នុងក្រុមទី៣៤ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ក្នុងហេតុការណ៍ ខាងលើនេះ មិនបណ្តាលឲ្យ ម្ចាស់ផ្ទះទាំង២ រងរបួស ឬគ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ រួមទាំងអ្នកបើកបរ រថយន្តក៏មិនមានរងរបួសអ្វីដែរ ។

ប៉ុន្តែក្នុង ហេតុការណ៍នោះ គេបានសង្កេតឃើញ អ្នកបើកបរ រថយន្តបង្ក ក្រោយពីបើក រថយន្តបុករបង និងទ្វារផ្ទះគេហើយ បានបើករថយន្ត ថយក្រោយ ចតទុកដាក់ត្រឹមត្រូវ ដើម្បីធ្វើការសម្របសម្រួល គ្នារវាងម្ចាស់ផ្ទះ ។

ជាមួយគ្នានោះដែរ សមត្ថកិច្ច នគរបាល ចរាចរខណ្ឌចំការមន ក៏បានចុះទៅ អន្តរាគមន៍ដល់ កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែសមត្ថកិច្ច មិនបានធ្វើការ វាស់វែងអ្វីទាំងអស់ ដោយសារភាគីទាំងពីរ ជាពិសេស ភាគីខាង អ្នកបើកបររថយន្ត និងភាគីខាងម្ចាស់ផ្ទះ បាននិយាយចរចា គ្នាដោយស្រុះស្រួល ដែលក្នុងនោះម្ចាស់ រថយន្តជាអ្នក ទទួលខុសត្រូវទាំងស្រុង ចំពោះការសងថ្លៃ ខូចខាតឲ្យម្ចាស់ ផ្ទះដែលរងគ្រោះ ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍ ខាងលើនេះ រថយន្តបង្ក បានបើកបរតាម បណ្តោយផ្លូវ៥០៨ ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿន យ៉ាងលឿន លុះដល់ចំណុចខាងលើ ក៏ជ្រុលល្បឿន ងាកចង្កូតបុក របងផ្ទះគេចូលប្លុក តែម្តង ។ សាក្សីដែលបានឃើញ ហេតុការណ៍បានលាន់ម៉ាត់ថា សំណាងណាស់ ដែលមាន អ្នករងរបួស ឬគ្រោះថ្នាក់អ្វីទាំងអស់ ។

ក្រោយពេល កើតហេតុ ភាគីម្ចាស់ផ្ទះ និងម្ចាស់ រថយន្ត បានស្រុះស្រួលគ្នាឯកភាព ដោយាគីម្ចាស់រថយន្ត សុខចិត្តសងថ្លៃ របងខូចខាត ទាំងស្រុង ទៅលើម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]