រតនគីរី ៖ ថៅកែចំការកៅស៊ូដ៏ធំម្នាក់ នៅស្រុកអូរជុំ ខេត្ដរតនគីរី ត្រូវបានជន សង្ស័យមិនស្គាល់មុខ បាញ់ សម្លាប់នៅ កណ្ដាលចំការ យ៉ាងអាណោចអាធម្ម កាលពី វេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងចំការកៅស៊ូរបស់ ខ្លួន នៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្ដ រតនគីរី។ ក្រោយពី ទទួលសេចក្ដីរាយការណ៍ ពីករណីឃាតកម្មបាញ់សម្លាប់ ថៅកែចំការ កៅស៊ូខាងលើនេះ ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្ដរតនគីរី លោក រស់ សារាំ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដ កម្លាំងនគរ បាលបច្ចេកទេស សហការជា មួយកម្លាំងនគរបាលស្រុកអូរជុំ និងសមត្ថ  កិច្ចមូលដ្ឋាន ចុះទៅត្រួតពិនិត្យ នៅកន្លែង កើតហេតុភ្លាមៗ និងធ្វើកោសល្យវិច័យទៅ លើសពជនរងគ្រោះ ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ថៅកែចំការកៅស៊ូ ដែលត្រូវជនមិនស្គាល់ មុខបាញ់សម្លាប់ខាងលើ នេះ មានឈ្មោះ សែ ម៉ូវសែ អាយុជាង ៥០ឆ្នាំ រស់នៅក្រុង តាខ្មៅ ខេត្ដកណ្ដាល រីឯប្រពន្ធរបស់ខ្លួនរស់ នៅសហរដ្ឋអាមេរិកឯណោះ ។

មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដទៀតថា ជនរងគ្រោះ មានចំការកៅស៊ូចំនួន ៣០០ ហិកតា និងមានកម្មករ ជាច្រើននាក់ស្នាក់ នៅ និងធ្វើការជាមួយគាត់ ។

លោក ឆាយ ជា កម្មករស៊ីឈ្នួលធ្វើស្មៅ ក្នុងចំការកៅស៊ូបាននិយាយថា ថៅកែរបស់ គាត់ មានអត្ដចរិត ស្លូតបូត ស្រឡាញ់រាប់ អានកម្មករ ដែលធ្វើការងារឱ្យគាត់ ពោល ចុះសម្រុងជាមួយកម្មករ ទាំងការហូបចុក និងការស្នាក់នៅ ។

លោក ឆាយ ជា បាននិយាយទៀតថា នៅរៀងរាល់ព្រឹក ថៅកែរបស់គាត់តែងតែ ដឹកកម្មករតាមរថយន្ដ តូយូតា ១បាំងកន្លះ ដាក់តាមថ្នល់កៅស៊ូ ដើម្បីសំអាតស្មៅដូច សព្វមួយដង ប៉ុន្ដែ នៅថ្ងៃកើតហេតុនេះ វេលាម៉ោងជិត ១១ព្រឹក ពេលហូបបាយថ្ងៃ ត្រង់ ពួកគាត់មិនបានថៅកែបើករថយន្ដ  មកយកពួកគាត់ ទៅ ហូបបាយនោះទេ ក៏នាំ គ្នាដើរមក ស្រាប់តែឃើញថៅកែដេកផ្កាប់ មុខលើផ្លូវជន្លងកៅស៊ូ ស្លាប់បាត់ទៅ ហើយ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខេត្ដរតនគីរី បាននិយាយថា ជាការសន្និដ្ឋានជំហានដំបូង របស់សមត្ថកិច្ច ជន រងគ្រោះត្រូវបានជនមិន ស្គាល់មុខ រៀបចំផែនការទុកជាមុនហើយ មានគ្នាចាប់ពី ២នាក់ឡើងទៅ ហើយ ប្រើ កាំភ្លើងវែងអាកា បាញ់ទៅលើជនរងគ្រោះ ដោយបន្សល់ទុកសំបកកាទូសមួយផងដែរ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌរូបនេះ បានបន្ដ ថា ជនបង្កបានបាញ់ជនរងគ្រោះចេញពី កម្ពោធព្រៃ ដែលមាន ចម្ងាយប្រហែល ៣ ម៉ែត្រ ហើយបាញ់ចំឆ្អឹងខ្នងពីក្រោយ ធ្លាយមកចុងដង្ហើម ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ។ យ៉ាងណាក៏ដោយករណីឃាត កម្មខាងលើនេះ កម្លាំងនគរបាលជំនាញបាន និងកំពុងធ្វើការ ស្រាវជ្រាវ យ៉ាងយកចិត្ដ ទុកដាក់តាមជំនាញរបស់ខ្លួន ដើម្បីតាមចាប់ ឃាតក ។

នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នេះ សពជនរងគ្រោះត្រូវបានសាច់ញាតិដឹក យកទៅធ្វើបុណ្យតាម ប្រពៃណីនៅផ្ទះរបស់ ខ្លួន ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]