កំពង់ស្ពឺ ៖ ម៉ូតូប្រភេទសេ ១២៥ ចំនួន ៦គ្រឿង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្ដកំពង់ស្ពឺ ដឹកនាំដោយលោកឧត្ដមសេនីយ៍ ត្រី សោម បូរ៉ា ស្នងការរងនគរបាល និងជា ប្រធានការិយាល័យ កណ្ដាលយុត្ដិធម៌សហ ការជាមួយ កម្លាំងនគរបាល ស្រុកឧត្ដុង្គបាន ចុះទៅបង្ក្រាប និងរឹបអូសម៉ូតូនៅហាងលក់ ម៉ូតូមួយកន្លែង ស្ថិតនៅផ្សារក្រាំងចេកក្នុង ឃុំក្រាំងចេក ស្រុកឧត្ដុង្គ ក្រោយពីទទួល សេចក្ដីរាយការណ៍ និងព័ត៌មានថា ហាង លក់ម៉ូតូមួយនេះ ត្រូវបានម្ចាស់ហាងទទួល ទិញពីចោរ ដែលប្លន់ និងលួចពីកន្លែងផ្សេង។

ក្នុងប្រតិបត្ដិការ បង្ក្រាប និងរឹបអូសម៉ូតូ ខាងលើនេះ កម្លាំងនគរបាលបានឃាត់ខ្លួន ម្ចាស់ហាងម្នាក់ផងដែរ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវ ច្បាប់ ពីបទ ទទួលផលចោរកម្ម ។

យោងតាមមន្ដ្រីនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ ខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ការ ចុះទៅបង្ក្រាប និងរឹបអូសម៉ូតូប្រភេទសេ ១២៥ខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០១៣ កន្លងទៅ ហើយ បញ្ជូនទៅរក្សាទុក នៅការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ ខេត្ដកំពង់ស្ពឺ ដើម្បីអំពាវ នាវទៅប្រជាពលរដ្ឋទាំងឡាយណា ដែល បាត់ម៉ូតូឱ្យទៅមើល ក្រែងលោមានម៉ូតូ របស់ខ្លួន នៅទីនោះ ហើយបង្ហាញកាតគ្រី និងឯកសារពាក់ព័ន្ធ ដើម្បីយកម៉ូតូមកវិញ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា ម្ចាស់ហាងលក់ម៉ូតូទទួលទិញពីក្រុមចោរ ខាងលើនេះ ឈ្មោះ ធុន ប៊ុនថុន អាយុ២៩ ឆ្នាំ បច្ចុប្បន្ន ត្រូវបានកសាងសំណុំរឿង និង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]