កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួនក្នុងករណីលួចម៉ូតូ របស់ ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិឈើទាល ឃុំឈើទាល ។      

លោក នៅ នឿន នាយប៉ុស្តិ៍រដ្ឋបាល ឃុំឈើទាល បានប្រាប់ថា ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួននេះ ឈ្មោះ ស៊ិន ភឿន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិតារាបដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿ ម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ដ-៧៣៥២ ភព១ បំណង យកសំបុត្របុណ្យកឋិន ទៅឲ្យញាតិមិត្ត ដែលរស់នៅភូមិឃុំកើតហេតុខាងលើ ខណៈនោះជនរងគ្រោះ ក៏បានទុកម៉ូតូ នៅជាប់ ជណ្តើរផ្ទះរបស់មិត្តភក្តិ ហើយដើរចូលទៅជម្រាបបុណ្យ ស្រាប់តែពេលនោះ ជនសង្ស័យឈ្មោះ ស៊ិន ភឿន ឃើញឱកាសល្អ ក៏ធ្វើសកម្មភាព លួចយកម៉ូតូនោះ ជិះចេញ ប៉ុន្តែ មិនបានប៉ុន្មានផង ដោយសារម្ចាស់គេឃើញទាន់ បានស្រែកឆោឡោ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចឡោមព័ទ្ធចាប់បានភ្លាមៗ បញ្ជូន មកអធិការនគរបាល ស្រុកកៀនស្វាយ ដើម្បីធ្វើការសាកសួរ ។      

លោក ប៉ា សំអិត អធិការនគរបាលស្រុក បានប្រាប់ថា បន្ទាប់ពីកើតហេតុ ជនសង្ស័យត្រូវបានសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]