រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ បានធ្វើដំណើរទៅ លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៩ តុលា ហើយអណ្តែតតាមខ្សែទឹកហូរទៅបាត់ ។ បើតាមអ្នកឃើញហេតុ ការណ៍អះអាងថា ស្ត្រីដែលមកលោតទឹកសម្លាប់ខ្លួននេះ មានអាយុប្រមាណ២០ឆ្នាំ ។

ទោះបីជាយ៉ាងនេះក្តី ពុំមានប្រភពព័ត៌មានណាឱ្យដឹងថា នាងមានវិបត្តិអ្វីនោះទេ បានជាមកលោតទឹកសម្លាប់ខ្លួន ទាំងវ័យក្មេងបែបនេះ ។ 
មន្ត្រីនគរបាលអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វា ឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គេឃើញស្ត្រីរូបនេះធ្វើដំណើរ នៅលើស្ពានជ្រោយចង្វា ពីកើតទៅលិច ។ លុះនៅពេលមកដល់កណ្តាលស្ពាន ស្រាប់តែស្ត្រីរូបនោះតោងបង្កាន់ដៃ ហើយលោតសម្លាប់ខ្លួនចូល ក្នុងទឹកទន្លេតែម្តង គ្មានអ្នកណាម្នាក់អាចជួយរារាំងទាន់ទេ ។ ភ្លាមនោះគេឃើញស្ត្រីរូបនេះផុសអណ្តែតឡើង ដែលទំនងជានាងចេះហែលទឹក ហើយក៏អណ្តែតរសាត់តាមខ្សែទឹកហូរខ្មួលខ្មាញ់ទៅបាត់ទៅ ។ នៅយប់នោះ នៅលើស្ពានជ្រោយចង្វាក៏មានការភ្ញាក់ផ្អើល ដោយអ្នកដំណើររួមទាំងសមត្ថកិច្ចនាំគ្នាឈប់មើលផងដែរ ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា ការលោតទឹកសម្លាប់ខ្លួននោះ បានស្លាប់ដូចបំណង ឬក៏យ៉ាងណាឡើយ ប៉ុន្តែបើតាមព័ត៌មានខ្លះនិយាយថា នាងហែលបណ្តែតខ្លួនតាមទឹកហូរឆ្ពោះ ទៅខាងមុខព្រះបរមរាជវាំង ហើយត្រូវបានគេតាមទៅជួយសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ ។

សូមរំលឹកថា កាលពីវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី១៨ តុលា ក៏មានស្ត្រីក្មេងម្នាក់មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វានេះដែរ ប៉ុន្តែមិនស្លាប់ទេ ដោយបានហែលទៅតោងអតីតរង្គសាលគង្គា ដែលគេចតទុកចោលនៅខាងត្បូងស្ពាន រួចបងប្អូនខ្មែរ-អ៊ិស្លាម បានចេញទូកទៅជួយស្រង់បញ្ជូនមកឱ្យអង្គភាពនគរបាលការពារស្ពាន ដើម្បីសាកសួរ ។ ស្ត្រីរូបនេះ ត្រូវបានប្រាប់ថា ឈ្មោះ ថោង បញ្ញា អាយុ២៤ឆ្នាំ ជាជាងអ៊ុតសក់ មានទីលំនៅនៅភូមិសិលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយការមកលោតទឹកសម្លាប់ខ្លួន ដោយសារតែមានវិបត្តិស្នេហា សង្សារបែកចិត្តទៅមានស្រីថ្មី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]