ភ្នំពេញ៖ ក្រុមយុវជនចិត្តភ្លើង ២ក្រុម បង្ហាញកម្លាំង ក្រោមអំណាចទឹកត្នោតជូរ បើកឆាកប្រយុទ្ធដណ្តើមស្រីស្រស់ ក្នុងដួងចិត្ត ទីបំផុតចូលពេទ្យទាំងសងខាង ម្ខាងដាច់ម្រាមដៃ និងម្ខាងទៀតបែកក្បាលជាច្រើនថ្នេរ។

ឆាកប្រយុទ្ធដាវសាម៉ូរ៉ៃដណ្តើមស្រីស្រស់នេះ បានកើតឡើងនៅវេលាម៉ោង ៤ និង៣០នាទីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៣ នៅតូបលក់ទឹកត្នោតជូរមួយកន្លែងស្ថិតនៅក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រុមបុរសខ្លាំងចិត្តភ្លើង បើកឆាកកាប់ចាក់គ្នាខាងលើនេះ ម្ខាងមានគ្នា២នាក់បងប្អូន រួមមាន ឈ្មោះ ហេង សុខសាន្ត អាយុ ១៩ឆ្នាំ ឈ្មោះ ហេង ស៊ីថា អាយុ ១៧ឆ្នាំ ស្នាក់នៅជិតចំណុចកើតហេតុ ហើយពួកគេទាំង ២នាក់ ត្រូវរងរបួសដាច់ម្រាមដៃ។ ចំណែកភាគីម្ខាងទៀត ដែលរងរបួសបែកក្បាល ក៏មាន ២នាក់ដែរ រួមមាន ឈ្មោះ ជា ហូយ អាយុ ២១ឆ្នាំ ឈ្មោះ ដូរ ដុំ អាយុ ២០ឆ្នាំ ពួកគេមានមុខរបរជាកម្មករសំណង់ស្នាក់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញភាគីជម្លោះទាំងសងខាង បានមកអង្គុយផឹកស៊ី នៅជិតគ្នា ក្នុងតូបលក់ទឹកត្នោតជូរ ត្រង់ចំណុចកើតហេតុ។ លុះផឹកស៊ីស្រវឹងជោករៀងៗខ្លួន  ក៏លេចមុខនារីរូបស្រស់ម្នាក់ ដែលពួកគេធ្លាប់លួចស្រឡាញ់តាំងពីយូរមកហើយនោះ ហើយផ្ទុះពាក្យសម្តីឌឺដង ដាក់គ្នារហូតបង្កជាជម្លោះ ដោយភាគីយុវជនចិត្តភ្លើង ហេង សុខសាន្ត និងឈ្មោះ ហេង ស៊ីថា ទាញយកដងចប ទៅវាយភាគី ជា ហូយ និង ដូរ ដុំ បណ្តាលឲ្យបែកក្បាលទាំង ២នាក់។

ខណៈឆាកប្រយុទ្ធកំពុងក្តៅគគុកនោះ ភាគីបែកក្បាល បានរត់ទៅយកដាវសាម៉ូរៃ មកដេញកាប់ឈ្មោះ ហេង សុខ សាន្ត និង ហេង ស៊ីថា បណ្តាលឲ្យរងរបួសដាច់ម្រាមដៃទាំង ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូល ដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុភាគីទាំងសង ត្រូវបានសាច់ញាតិទាំងសងខាង មកដឹកយកទៅសង្គ្រោះ តាមគ្លីនិកនានា ជិត កន្លែងកើតហេតុ។ សមត្ថកិច្ចក៏មិនទាន់អាចបញ្ជាក់ថា ភាគីទាំង២ ខាងលើនេះ ថាភាគីខាងណាជាអ្នកបង្កហេតុ នៅឡើយទេ ព្រោះកំពុងស្ថិតក្នុងការសាកសួរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]