ភ្នំពេញៈ ជោគជ័យក្នុងប្រវត្តិសាស្រ្ដ ដែលកីឡាករកម្ពុជា ឃីម ឌីម៉ា ខំតស៊ូដណ្ដើមបានជ័យជំនះ លើកីឡាករហ្វីលីពីន អតីតជើងឯក វូស៊ូពិភពលោក ២សម័យ ក្នុងការប្រកួតកីឡា MMA នៃព្រឹត្តិការណ៍ One Fighting Championship នៅប្រទេសិង្ហបុរី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣កន្លងមកនោះ បានរលាយ ទៅវិញហើយ ក្រោយពី គណៈកម្មការ រៀបចំការប្រកួតរកឃើញថា ឃីម ឌីម៉ា វាយខុសបច្ចេកទេសនោះ ។

គណៈកម្មការរៀបចំ ការប្រកួតនៃព្រឹត្តិការណ៍ One Fighting Championship បានចេញសេចក្ដីប្រកាសមួយ កាលពីថ្ងៃទី១៩ តុលានេះថា លទ្ធផលនៃការប្រកួត រវាងកីឡាករកម្ពុជា ឃីម ឌីម៉ា និងកីឡាករហ្វីលីពីន Rene Catalan មិនត្រូវទុកជាផ្លូវការនោះទេ ពោលគឺចាត់ទុកដូចជា គ្មានការប្រកួតកើតឡើងអញ្ចឹង ។

ការប្រកាសមិនទទួលស្គាល់ លទ្ធផលនៅលើគេហទំព័រ របស់ខ្លួនបែបនេះ ដោយសាតែក្រោយពី ការប្រកួតចប់ គណៈកម្មាការបានស្រាវជ្រាវ រកឃើញថា ឃីម ឌីម៉ា វាយខុសបច្ចេកទេស គឺវាយពីក្រោយចំកញ្ចឹងករ មុននឹងធ្វើឲ្យ កីឡាករហ្វីលីពីន Rene Catalan ដួលសន្លប់នៅ ចុងទឹកទី២នោះ ។

ប្រភពដដែលបានបន្ដទៀតថា បើសិនជាកីឡាករទាំង២(ឌីម៉ា និង Rene Catalan) មានបំណងចង់ជួបសាកល្បង គ្មានម្ដងទៀតនោះ គណៈកម្មការនឹងរៀបចំ ឲ្យពួកគេជួបគ្នាម្ដងទៀត បានក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ ដើម្បីស្រាយមន្ទិល សង្ស័យរបស់កីឡាករទាំង២ និងស្វែងរកកីឡាករ ដែលទទួលបានជ័យជំនះ ពិតប្រាកដ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]