ភ្នំពេញ៖ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាទៅកម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បញ្ជូនអ្នកបើករថយន្ត MERCEDES ម្នាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយគ្មានការ យោគយល់នោះឡើយ ក្រោយពេលដែល អ្នកបើករថយន្តរូបនេះ បានបង្កគ្រោះថ្នាក់ចរាចរ បើកបុកគូទ រថយន្តអ្នកដំណើរ និងជ្រុលទៅបុក រនាំដែកចែកទ្រូងផ្លូវ ហើយបើករត់ មិនទទួលខុសត្រូវ ចំពោះកំហុសរបស់ខ្លួន។

ការបញ្ជាដាច់ណាត់ពីសំណាក់ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ខាងលើនេះ បានធ្វើឡើងក្រោយពេលមានសេចក្តីរាយការណ៍ និងការជួយ អន្តរាគមន៍ខ្វាត់ខ្វែង ពីសំណាក់សាច់ញាតិ ជនរងគ្រោះ ដើម្បីសុំឲ្យដោះលែង ជនបង្ក ដែលបានបង្កគ្រោះថ្នាក់ចរាចរ ដោយសារជាតិ ស្រវឹងហួសច្បាប់កំណត់ពេលបើកបរ ហើយបុកបំផ្លាញ ទ្រព្យសម្បត្តិរបស់រដ្ឋ និងមិនទទួលខុសត្រូវ ពីទង្វើរបស់ខ្លួន ។

គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ អ្នកបើករថយន្ត MERCEDES ខាងលើនេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ ១យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវ ព្រះមុនីវង្ស មុខផ្ទះលេខ៤០២ ក្នុង សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាធានីភ្នំពេញ ។

យោងតាម ប្រភពព័ត៌មាន ពីសាក្សីដែល នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញបុរសម្នាក់ បើករថយន្ត មួយគ្រឿង ម៉ាកឡិចស៊ីស RX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-4788   បើកបរតាម បណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកចំណុច កើតហេតុ ស្រាប់តែមានបុរសម្នាក់ បើករថយន្តម៉ាក MERCEDES ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-8555 ក្នុងទិសដៅស្របគ្នា បានជ្រុលចង្កូតទៅ បុករថយន្តឡិចស៊ីស ពីក្រោយពេញទំហឹង រួចបន្តទៅបុក របាំងដែកចែក ទ្រូងផ្លូវ បាក់អស់៥ផ្ទាំង បណ្តាលឲ្យដួលរៀប ស្មើរដី និងរថយន្តត្រូវរងការ ខូចខាតខាងក្រោយ ទាំងស្រុង ចំណែកឯរថយន្តបង្ក ព្យាយាម បើករត់គេច តែត្រូវសមត្ថកិច្ច ចាប់បានភ្លាមៗ។

ក្រោយទទួលព័ត៌ ស្តីអំពី គ្រោះថ្នាក់ចរាចរនេះ កើតឡើងភ្លាម កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បានចុះទៅជួយ អន្តរាគមន៍ភ្លាមៗ សហការជាមួយ កម្លាំងនគរបាលមូលដ្ឋាន ដេញចាប់រថយន្តបង្ក ។ 

មន្រ្តីនគរបាល ចរាចរជើងគោក បានឲ្យដឹងថា អ្នកបើករថយន្ត MERCEDES ឈ្មោះ ហេង ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ២១៧ ផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ ដោយឡែក អ្នកបើករថយន្ត ឡិចស៊ីស ឈ្មោះ ឡុច សារ៉េត  ភេទប្រុស  អាយុ៥៨ឆ្នាំ មានទីលំនៅផ្ទះលេខ៧៥ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

បើតាមមន្រ្តី នគរបាលចរាចរជើងគោក បានថ្លែងឲ្យដឹងផងដែរថា មុនពេលកើតហេតុ អ្នកបើករថយន្ត MERCEDES  បានធ្វើដំណើរតាម បណ្តោយមហាវិថីព្រះមុនីវង្ស  ពីទិសខាងត្បូង មកជើង លុះមកដល់ចំណុចកើតហេតុ ខាងលើដោយស្ថានភាពស្រវឹង បានបុកពីក្រោយ រថយន្តមួយគ្រឿង ដែលធ្វើដំណើរ ស្របទិសគ្នា ម៉ាក LEXUS 570 ។

បន្ទាប់មករថយន្តបង្ក បានជ្រុលទៅ បុករនាំងដែកបែងចែក ទ្រូងផ្លូវធ្លាយទៅម្ខាង ហើយបានបើករថយន្ត រត់បញ្រ្ចាសទិសទាំងជាប់រនាំង មួយផ្ទាំង នៅខាងមុខរថយន្ត ហួសពីកន្លែងកើតហេតុ ប្រហែល៣០០ ម៉ែត្រ ទើបសមត្ថកិច្ច ឃាត់ជាប់ ។  សម្រាប់គ្រោះថ្នាក់ ចរាចរ ខាងលើនេះ ត្រូវបានសមត្ថកិច្ច ចរាចរបញ្ជាក់ថា បានបណ្តាលឲ្យរថយន្ត ឡិចស៊ីស ៥៧០ រងការខូចខាតស្រាល និង រថយន្តបង្កហេតុ រងការ ខូចធ្ងន់ ហើយរនាំងដែកខូចខាត៤ផ្ទាំង ។

ក្រោយឃាត់ខ្លួនអ្នកបើករថយន្តបង្ក រួចហើយ សមត្ថកិច្ច ចរាចរ បានធ្វើការវាស់ជាតិ អាល់កុល ឃើញថា អ្នកបើករថយន្តរូបនេះ មានជាតិអាល់កុលចំនួន ១,០១មីលីក្រាម ក្នុងមួយលីត្រខ្យល់។ នាយរងការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ កម្លាំងនគរបាល របស់លោកក្រោយពីទទួល បទបញ្ជាពីលោកស្នងការ និងនាយការិយាល័យ ហេង ចាន់ធារី កំពុងកសាងសំណុំរឿង និងបញ្ជូនអ្នកបើករថយន្តរូបនេះ ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ បើទោះបីមានអន្តរាគមន៍ យ៉ាងណាក៏ដោយនោះ។

សូមបញ្ជាក់ថា ស្នងការនគរបាល រាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងន គរបាលចរាចរជើងគោក ត្រូវអនុវត្ត និងធ្វើការរិតបណ្តឹង ចំពោះជនទាំងឡាយ ដែលបង្កគ្រោះ ថ្នាក់ចរាចរ ដោយមានជាតិស្រវឹង ហើយបុកបំផ្លាញទ្រព្បសម្បត្តិ របស់រដ្ឋ ថែមទាំងបង្កឲ្យ អ្នកដទៃស្លាប់ និងរងរបួសនោះ ដាច់ខាតត្រូវតែចាប់ខ្លួន បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ បើទោះបីជាជននោះ ជាកូនមន្រ្តីថ្នាក់ណាក៏ដោយ និងមានបុណ្យស័ក្តិ ខ្ពស់យ៉ាងណានោះ។

បទបញ្ជានេះ ធ្វើឡើងតាមការព្រមានអំពី គ្រោះថ្នាក់ចរាចរ ពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេះតែមានការកើនឡើង ជាបន្តបន្ទាប់យ៉ាងដូច្នេះ។ ក្រោយមានការបញ្ជា របស់លោកស្នងការរួចមក លោក ហេង ចាន់ធារី និងលោក ប៉ែន ឃុន បានចាត់ការ រឿងទាំងនេះ ដូចភ្លៀងរលឹម តាមរយៈការកសាងសំណុំរឿង និងបញ្ជូន ខ្លួនអ្នកបើកបរ ទៅកាន់តុលាការជា បន្តបន្ទាប់ ជាច្រើនករណី ដោយមិនទទួលយក កិច្ចអន្តរាគមន៍ណាមួយនោះឡើយ ។

ជាមួយគ្នានេះ លោក ប៉ែន ឃុន បានអំពាវនាវ ឲ្យអ្នកបើកបរទាំងឡាយ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ត្រូវមានស្មារតីខ្ពស់ និងទំនួលខុសត្រូវ ចំពោះការបញ្ជាយានយន្ត របស់ខ្លួន និងគោរពច្បាប់ចរាចរជើងគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ចូលរួម កាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរ ដែលកំពុង ប្រឈមមុខយ៉ាងខ្លាំងនៅពេលនេះ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]