យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា អ្នកដឹកនាំរឿង ជនជាតិអាមេរិក លោក Michael Bay ត្រូវបានជនមិនស្គាល់មុខ វាយប្រហារឲ្យរងរបួស នៅក្នុងទីក្រុងហុងកុង ប្រទេសចិន ខណៈកំពុងថតខ្សែភាពយន្ត Transformer 4។

បើតាមសម្តីប៉ូលីស បានប្រាប់ឲ្យដឹងថា បុរសពីរនាក់ក្នុងចំណោមបីនាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន ក្នុងករណីគំរាមកំហែង និងបង្ករបួសស្នាម ដោយបុរសពីរនាក់នោះ បានគំរាមកំហែង ទារប្រាក់ពីក្រុមការងារ ថតខ្សែភាពយន្ត របស់លោក Michael Bay។ ជាមួយគ្នានេះដែរ អ្នកដឹកនាំរឿង វ័យ ៤៨ លោក Michael Bay បានរងរបួស នៅលើផ្ទៃមុខផ្នែកខាងស្តាំ។ ទោះបីជាយ៉ាងនេះក៏ដោយ លោក Michael Bay បានបដិសេធ និងមិនទៅព្យាបាលរបួសឡើយ ហើយនៅតែបន្តថតខ្សែភាពយន្តបន្តទៀត នៅលើកោះមួយ ក្នុងទីក្រុងហុងកុង។

បើតាមកាសែតក្នុងទីក្រុងហុងកុង បានឲ្យដឹងថា មានបុរសបីនាក់ ជាប់ពាក់ព័ន្ធនឹងករណីនេះ ហើយករណីនេះជាការរំខានដ៏ធំបំផុត ក្នុងដំណើរការថតខ្សែភាពយន្ត បែបវិទ្យាសាស្រ្តច្នៃប្រឌិតនេះ។

គួរបញ្ជាក់ផងដែរថា បុរសម្នាក់ក្នុងចំណោមបុរសបង្កហេតុបីនាក់នេះ បានគំរាមកំហែងទារប្រាក់ចំនួន ១០០,០០០ដុល្លារហុងកុង (ស្មើនឹង ១៣,០០០ដុល្លារអាមេរិក) ពីក្រុមការងារថតខ្សែភាពយន្ត របស់លោក Michael Bay។ ខណៈពេលកំពុងពិភាក្សាគ្នា បុរសម្នាក់ក៏បានវាយលោក Michael Bay និងប៉ូលីស ៣នាក់ទៀត ដែលបានព្យាយាមធ្វើអន្តរាគមន៏។

យ៉ាងណាមិញ ប៉ូលីស ៣នាក់នោះត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ចំនែកឯបុរសទី៣ ក្នុងចំណោមជនបង្កទាំង ៣នាក់នោះ ក៏ត្រូវបានប៉ូលីសឃាត់ខ្លួននៅនឹងកន្លែងផងដែរ។

គួររំលឹកផងដែរថា ខ្សែភាពយន្ត Transformer 4 ដែលដឹកនាំសម្តែងដោយលោក Michael Bay នេះ នឹងត្រូវចេញផ្សាយ នៅក្នុងខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះ៕

ប្រភព ៖ BBC 

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]