យោងតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា បុរសជាឪពុកម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពីប្រើកាំភ្លើង បាញ់សំដៅ ទៅលើមិត្តភក្តិរបស់កូនស្រី ព្រោះតែមានការខឹងសម្បា នឹងកូនស្រី ដែលត្រឡប់មកដល់ផ្ទះវិញ យឺតពេលវេលា ដែលបានកំណត់។

បុរសជាឪពុករូបនេះ មានឈ្មោះ ខាលតុន វកខើ ជេអា រស់នៅរដ្ឋ វើជីណៀ សហរដ្ឋអាមេរិក។ រូបគាត់បានខឹងនឹងកូនស្រីរបស់ខ្លួន យ៉ាងខ្លាំង នៅពេលដែលនាង ត្រឡប់មកដល់ផ្ទះវិញ នៅវេលាម៉ោង ១២:៣០ រំលងអាធ្រាត ហួសពេលវេលា ដែលខ្លួនជាឪពុក បានកំណត់ដល់នាង។ យ៉ាងណាមិញ បុរសជាឪពុក មិនបានជះកំហឹងនោះ ទៅលើកូនស្រីទេ តែបែរជាជះកំហឹង ទៅលើមិត្តភក្តិជំទង់ៗ ទាំង២នាក់ របស់នាង ដែលបានជូនត្រឡប់មកផ្ទះនោះ ទៅវិញ ដោយនៅពេលនោះ បុរសជាឪពុក បានសួរដេញដោល ដោយមាន កាំភ្លើងស្នប់ មួយដើម (shotgun) នៅក្នុងដៃផងដែរ។

នៅពេលដែល មិត្តភក្តិទាំងពីរនាក់ របស់កូនស្រីគាត់ ព្យាយមបើកចាកចេញពីទីនោះ ស្រាប់តែបុរសជាឪពុក រូបនេះ បានមកបាំងផ្លូវ និង យកកាំភ្លើងក្នុងដៃ ភ្ជង់ទៅលើរថយន្ត រួចបាញ់អស់ ចំនួន ២គ្រាប់ បណ្តាលឲ្យខ្ទេចរបាំងមុខនៃរថយន្ត តែម្តង។ បន្ទាប់មក បុរសជាឪពុក ក៏បានប្រាប់ដល់ប្រពន្ធរបស់ខ្លួន ឲ្យទូរស័ព្ទប្រាប់ប៉ូលីស ដើម្បីឲ្យមកចាប់ យុវជនជំទង់ទាំង២នាក់ ជាមិត្តភក្តិរបស់កូនស្រីនោះ ពីបទ ចាប់ពង្រត់កូនស្រីរបស់ខ្លួន។

ទោះជាយ៉ាងណា នៅពេលដែលប៉ូលីសមកដល់ និង សួរនាំភាគីទាំងសងខាងហើយនោះ ប៉ូលីសមិនបានចាប់ខ្លួន ខាងភាគីមិត្តភក្តិ កូនស្រី របស់គាត់នោះទេ តែងាកមកចាប់ខ្លួន បុរសជាឪពុកនោះ ពីបទចាប់ជម្រិតទៅវិញ ព្រោះតែគាត់ បានឃាត់ឃាំង មិនអោយ មានការចាកចេញ ពីទីតាំងស្ថិតក្នុងបរិវេណទីធ្លា ដែលជាកម្មសិទ្ធិទ្រព្យរបស់ខ្លួន៕

តើប្រិយមិត្ត មានមតិយ៉ាងណាដែរ ចំពោះករណីនេះ?



ប្រភព yourjewishnews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]