ខេត្តស្ទឹងត្រែង ៖ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្តតាកូម៉ា បុកជាមួយអាបុល កាលពីវេលាម៉ោង ៦ និង ២០នាទី ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ នៅចំណុចគល់ស្ពានសេកុងត្រើយខាងត្បូង ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។    

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តតាកូម៉ា ១បាំងកន្លះ បើកពីលិចបត់មកត្បូងឡើងផ្លូវជាតិលេខ៧ ក្នុងល្បឿនលឿនគួរសម លុះមលដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះ បានជ្រុលចង្កូតទៅបុកអាបុល ដែលនៅខាងស្តាំដៃ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ធ្វើឲ្យរថយន្តតាកូម៉ាខ្ទេចខាងមុខ បែកពោងសុវត្ថិភាព និងអ្នកបើកបររថយន្តបែកក្បាល រងរបួសស្រាល។ ចំណែកតៃកុងអាបុលនៅពេលជួបឧប្បត្តិហេតុ បានចុះពីអាបុលគេចខ្លួនបាត់ តែទោះជាយ៉ាងណាគេដឹងថា អាបុលនោះ ជារបស់ក្រុមហ៊ុនលក់ខ្សាច់មួយ នៅខេត្តស្ទឹងត្រែង ឈ្មោះ បូណា។

មូលហេតុដែលបណ្តាលឲ្យរថយន្តតាកូម៉ា ជ្រុលទៅបុកជាមួយអាបុល គឺដោយសារចំណុចកើតហេតុមិនមានភ្លើងបំភ្លឺផ្លូវ ហើយម្ចាស់រថយន្តបង្កពេលចុះចេញ ពីរថយន្តមានសភាពស្រវឹងស្រាជោក ទើបការបើកបរបាត់ស្មារតី មិនអាចបញ្ជារថយន្តរបស់ខ្លួនបាន។

តាមនគរបាលចរាចរណ៍ បានឲ្យដឹងថា រថយន្តបង្កម៉ាកតាកូមា ១បាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-0571 ម្ចាស់រថយន្តមានឈ្មោះ ហ៊ាង អាយុប្រមាណជាង ៤០ឆ្នាំ រស់នៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ចំណែកតៃកុងអាបុល មិនទាន់ដឹងអត្តសញ្ញាណទេ។ ក្រោយកើតហេតុ នគរបាលចរាចរណ៍បានស្ទូចរថយន្តបង្ក និងបើកអាបុល ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយ ចំណែកម្ចាស់រថយន្ត ដែលរបួសត្រង់ក្បាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]