ក្រុងប៉ោយប៉ែត ៖ ក្រុមឈ្មួញដឹកខោអាវជជុះគីប តាមរទេះជាច្រើន ត្រូវបានកកស្ទះនៅក្នុងទឹកដីកម្ពុជា ត្រង់ចំណុចក្រោមប្រាសាទកំពូលបី មាត់ច្រកប៉ោយប៉ែត តាំងពីព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣  ខណៈដែលខាងមន្រ្តីថៃ ដែលឈរជើងនៅមាត់ច្រកខ្លងលឹក ឈមនឹងមាត់ច្រកប៉ោយប៉ែត ទារតម្លើងថ្លៃខ្ពស់ពេក។

តាមប្រភពព័ត៌មានពីក្រុមកម្មករអូសរទេះ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យមានការកកស្ទះ រទេះដឹកខោអាវជជុះគីបជាច្រើន មិនហ៊ាននាំចូលទៅក្នុងប្រទេសថៃ គឺដោយសារតែខាងមន្ត្រីគយថៃ ទារតម្លើងថ្លៃច្រើនពេក ដូច្នេះ ទើបម្ចាស់ទំនិញមិនទាន់ហ៊ាននាំទំនិញ ចូលទៅទាំងប្រថុយប្រថានបានឡើយ ដោយម្ចាស់ទំនិញមិនទាន់ឲ្យកម្មករ អូសរទេះដឹកទំនិញចូលនោះទេ គឺរង់ចាំម្ចាស់ទំនិញទៅនិយាយចរចា ជាមួយនិងមន្ត្រីគយថៃ ឲ្យត្រូវរ៉ូវគ្នាសិន។

ប្រភពដដែល បានបន្តឲ្យដឹងទៀតថា ទំនិញខោអាវជជុះគីបត្រូវបានក្រុមឈ្មួញ នៅតំបន់ប៉ោយប៉ែត នាំចូលយកទៅលក់ក្នុងផ្សារលុងក្លឿ ប្រទេសថៃ ក្នុង ១ថ្ងៃ ប្រមាណ ២០តោន ហើយជារៀងរាល់ថ្ងៃទំនិញនាំចូល ត្រូវបង់លុយឲ្យស្ថាប័នពាក់ព័ន្ឋសមត្ថកិច្ចខ្មែរ ដែលឈរជើងនៅមាត់ច្រកប៉ោយប៉ែត  រហូតទៅដល់ក្នុងទឹកដីថៃ គឺត្រូវបង់ពន្ឋឲ្យមន្ត្រីគយថៃ ក្នុង ១គីឡូក្រាម ១០បាត។ ប៉ុន្តែ ពេលនេះ ខាងមន្ត្រីគយថៃ បានទារឡើងថ្លៃក្នុង ១គីឡូក្រាម រហូតដល់ជិត ២០បាត ទើបម្ចាស់ទំនិញមិនហ៊ានឲ្យនាំចូល។

ហើយរហូតមកដល់ម៉ោងជាង ១រសៀល ថ្ងៃដដែលនេះ រទេះដឹកទំនិញខោអាវជជុះគីបជាច្រើនរទេះ បានកកស្ទះនៅមាត់ច្រកប៉ោយប៉ែត មិនទាន់ហ៊ាននាំចូលទៅក្នងទឹកដីថៃ ឡើយ។

គួររំលឹកថា ក្រុមអាជីវករខ្មែរនៅតំបន់ប៉ោយប៉ែត ដែលចេញចូលរកស៊ីលក់ដូរ នៅផ្សារលុងក្លឿទឹកដីថៃ ជារឿយៗ តែងតែជួបការលំបាកដោយក្រុមសមត្ថកិច្ច ដែលឈរជើងនៅមាត់ច្រកខ្លងលឹក ធ្វើការរឹតបន្តឹងធ្វើបាបចាប់ទំនិញ ឲ្យបង់លុយតាមតែអំពើចិត្តរបស់ពួកគេ។

ជុំវិញបញ្ហាទាំងនេះ មានក្រុមអាជីវករមួយចំនួន បាននាំគ្នាត្អូញត្អែរថា នៅពេលដែលពួកគាត់មានបញ្ហាកើតឡើងម្តងៗ មិនដែលឃើញមានអស់លោកអាជ្ញាធរ មានសមត្ថកិច្ចខ្មែរ ឈរជើងនៅមាត់ច្រកប៉ោយប៉ែត ជួយរកដំណោះស្រាយម្តងណាឡើយ ដោយពួកគេនៅសម្ងំចាំតែយកលុយ ដាក់ហោប៉ៅយកទៅធ្វើមានបានតែប៉ុណ្ណោះ។ ពួកគាត់បានអំពាវនាវដល់ថ្នាក់ដឹកនាំ មេត្តារកវិធានការណាមួយជួយសម្រួលដល់ពួកគាត់ផង៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]