ប្រជាជនខ្មែរ បានបែងចែកផ្ទះបាយ និងផ្ទះស្នាក់នៅដាច់ដោយឡែកពីគ្នា ដោយចែកជាកន្លែងមានកិត្តិយសខ្ពស់ខ្ពស់ ជាកន្លែងទទួល ភ្ញៀវជាដើម។ ផ្ទុយពីនេះទៀត ផ្ទះបាយជាកន្លែងដែលមានក្លិនឆ្អាបឆ្អេះ និងក្លិនសព្វមុខ ជាពិសេសពាក់ព័ន្ធនឹងត្រីសាច់ បង្អែមចម្អាប បន្លែបន្លុក គ្រឿងឧបភោគបរិភោគ ជាដើម។ យ៉ាងនេះហើយផ្ទះបាយត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ដោយចាត់ចែងទុកដាក់បោស សម្អាតជាញឹកញាប់ និងផ្ចិតផ្ចង់បន្តិច។ ជាទូទៅខ្មែររមែងសង់ផ្ទះបាយក្រោយផ្ទះធំ ដោយមានជណ្តើរតភ្ជាប់ ឬដាច់ដោយឡែកទៅតាម សណ្ឋានដី និងទៅតាមចំណង់ចំណូល ចិត្តបូកផ្សំ ទាំងជំនឿពីព្រេងព្រឹទ្ធផង។ តែក៏មានអ្នកខ្លះសាងសង់នៅចំហៀងខាងស្តាំ ឬខាងឆ្វេងផ្ទះ ធំដែរ ជាការងាយស្រួលទៅមក។ សម្រាប់នៅតាមទីប្រជុំដោយ សារតែដីចង្អៀត ភាគច្រើនពុំបានធ្វើផ្ទះបាយដាច់ដោយឡែកឡើយ គឺអាចជា ចំណែកណាមួយនៃផ្ទះធំ។ ដើម្បីឲ្យផ្ទះបាយ មើលទៅចូលភ្នែកម្ចាស់គេហដ្ឋាន ត្រូវយកចិត្តទុកដាក់ និងមានគំនិតច្នៃប្រឌិតរួមផ្សំ គ្នា។

តើអ្នកត្រូវការសម្ភារៈអ្វីខ្លះដាក់ក្នុងផ្ទះបាយ?

តាមធម្មតា នៅក្នុងផ្ទះបាយ រមែងមានគ្រឿងប្រើប្រាស់ស្អេកស្កះ ព្រោះត្រូវ ធ្វើគ្រឿងគ្រូវច្រើនអនេក រាប់មិនអស់ដូចជា ចង្រ្កានបាយទូដាក់ សម្ភារៈ អំបិល ម្រេចខ្ទឹមប៊ីចេងជាដើម ប៉ុន្តែអ្វីដែលជាចំណុចសំខាន់បំផុតនៅក្នុង ផ្ទះបាយមាន សម្ភារៈតែពីរប្រភេទ ដែលត្រូវតែមាន គឺ សម្ភារៈ សម្រាប់ដាក់ចម្អាប និងសម្ភារៈ សម្រាប់ដាក់បង្អែម។ ចម្អាបរាប់បញ្ជូលបាយសម្លត្រីសាច់ គ្រឿងគ្រូវខ្ទឹមម្រេច ជាដើមដែលជាធាតុ សម្រាប់ផ្សំ ស្លស្លុកចេញទៅជាអាហារបរិភោគប្រចាំថ្ងៃ។ អ្នកត្រូវតែព្យាយាមគិត ឲ្យបានលម្អិតទាក់ទង ទៅនឹងសម្ភារៈទាំងអស់ ដែល ត្រូវ ប្រើប្រាស់ព្រោះបើមិនគ្រប់គ្រាន់ទេការធ្វើម្ហូបបរិភោគរបស់អ្នកក៏មិន បានឆ្ងាញ់ ដែរ។ ជាក់ស្តែងនៅពេលមុខ ម្ហូបរបស់អ្នកត្រូវការប្រេង សណ្តែក ប៉ុន្តែវាមិនមាន ហើយអ្នកប្រើខ្លាញ់ជំនួសវិញ ។ ប្រការនេះអ្នកអាចនឹងបរិភោគអាហារហ្នឹងបាន ប៉ុន្តែរសជាតិពិត ជាមានភាពប្រែ ប្រួលប្លែក។

ការរៀបចំផ្ទះបាយឲ្យមានសណ្ដាប់ធ្នាប់

ដាក់ទៅតាមទីតាំង៖ ដើម្បីធ្វើឲ្យផ្ទះបាយរបស់អ្នក មានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ ជាទីគាប់ចិត្តអ្នកត្រូវតែដឹងថា វត្ថុណាគួរនឹង ទុកដាក់ នៅត្រង់ណា និងរៀបត្រង់ណា ចៀសវាងដាក់ពាសវាលពាសកាល ទីងណាត់ទីងណែងព្រោងព្រាត មិនប្រាកដទីតាំងទេ។ ការ ដាក់ ដែលសម អ្នកត្រូវតែចែកទៅតាមប្រភេទរបស់វា។មានន័យថាវត្ថុរាវ ត្រូវដាក់នៅប្លុករបស់វា ហើយគ្រឿងគ្រូវត្រូវដាក់នៅប្លុករបស់វា។ ធ្វើយ៉ាងនេះ ទើបវាស្រួលភ្នែក ហើយងាយស្រួល ក្នុងការយកមកប្រើប្រាស់ ឬប្រើអ្នកដទៃឲ្យយក មកឲ្យ ទៀតផង ដោយសារអ្នកបានចាត់ វាទៅតាមប្រភេទ និងកន្លែងច្បាស់លាស់។ ចំណែកគ្រឿងដែលដាក់តាំងរបស់របរទាំងនោះ ត្រូវតែឲ្យសមរម្យផងដែរ មិនត្រូវធំពេក ឬតូចពេកដែលធ្វើឲ្យការដាក់មានភាពរញ៉េរញ៉ៃ។

អនាម័យ៖ ការចាត់ចែងទុកដាក់វាជារឿងមួយ ដែលអាចធ្វើឲ្យរបស់របរអ្នកពោរ ពេញដោយសម្រស់ និងមើលទៅគួរជាទីពេញចិត្ត។ តែអ្វី ដែលរឹងរឹតសំខាន់ ជាងនេះទៅទៀត អ្នកត្រូវតែសម្អាតឲ្យបានទៀងទាត់ បូកផ្សំនឹងការយកចិត្ត ទុកដាក់បន្ថែម។ ការសម្អាតនោះ ទៀត សោត ត្រូវតែមានឧបករណ៍គ្រប់គ្រាន់ ដើម្បីសម្អាតឲ្យបានសព្វកន្លែង កៀនកោះ ព្រោះការសម្អាតមិនស្អាតល្អ នាំឲ្យផ្ទះរបស់អ្នក កក្រិកកខ្វក់ ក្លិនមិនគាប់នឹងច្រមុះ។ ប្រការដែលមានក្លិនមិនល្អ ជារឿងមួយតែរឿងមួយទៀតវាអាចបង្កទៅជាមេរោគច្រើនអនេកផ្តល់ ភាពមហន្តរាយដល់សុខភាព។

អត្ថបទ៖ ចន្ទ សិរីរដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]