យោងតាមសារព័ត៌មាន bangkokpost របស់ប្រទេសថៃ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី១៨ ខែតុលា ម្សិលមិញនេះ ឃ្លាំងផ្ទុកស្ករជាច្រើន នៅភាគខាងត្បូងនៃកំពង់ផែ ក្នុងទីក្រុង Santos ប្រទេសប្រេស៊ី ត្រូវបានអគ្គីភ័យឆាបឆេះ និងលេបត្របាក់អស់ស្ករ ជាង ១៨០,០០០តោន។

ជាមួយគ្នានេះដែរ មានមនុស្សចំនួន ៤នាក់បានរងរបួស ហើយឃ្លាំងស្តុកស្ករនោះ គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន Copersucar ដែលជាឈ្មួញស្ករធំបំផុត នៅលើពិភពលោក។ ទោះបីជាយ៉ាងនេះក៏ដោយ គេមិនទាន់ដឹងច្បាស់ ពីមូលហេតុដែលបណ្តាលឲ្យមាន អគ្គីភ័យឆាបឆេះបែបនេះទេ។

ប៉ុន្តែបើតាមមន្រ្តីប្រចាំនៅកំពង់ផែនោះ បានប្រាប់ឲ្យដឹងថា អគ្គីភ័យបានឆាបឆេះចេញពី ប្រព័ន្ធដឹកទំនិញ (Conveyor Belt System) ដែលតភ្ជាប់ឃ្លាំងផ្ទុកស្ករចំនួន ៦ ហើយឃ្លាំងនិមួយៗ ផ្ទុកស្ករចំនួន ១០០,០០០តោន។ ឃ្លាំងផ្ទុកស្ករទាំង ៦នេះ ត្រូវបានរងការខូតខាតទាំងអស់ ហើយក្រុមហ៊ុន Copersucar បានផ្អាកការដឹកជញ្ជូនស្ករមួយរយៈ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកើតមានហេតុការណ៏ អគ្គីភ័យលេបត្របាក់ស្ករជាង ១៨០,០០០តោនរួច ក៏មានរបាយការណ៏បញ្ជាក់ពីតម្លៃស្ករនោះ គឺមានតម្លៃរហូតដល់ទៅ ១៧,៥លានដុល្លារឯណោះ ដែលនេះគឺជាការខាតបង់ របស់ក្រុមហ៊ុន Copersucar ៕

រូបតំណាងនៃ ប្រព័ន្ធដឹកទំនិញ (Conveyor Belt System)

ប្រភព ៖ bangkokpost

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]