ភ្នំពេញ៖ រថយន្តដឹកកុងតឺន័រ មួយគ្រឿង បានបើកបុកម៉ូតូពីក្រោយ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់ បាត់បង់ជីវិតនៅ នឹងកន្លែង ហើយម្នាក់ទៀតត្រូវរងរបួសធ្ងន់ ខណៈដែលពួកគេជិះម៉ូតូមួយគ្រឿង ឌុបគ្នាតាមផ្លូវជាតិលេខ១ កាលពីវេលាម៉ោង ១០និង ១០នាទីយប់ថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ ១ ក្នុងភូមិ ស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ពោលពីស្រុកកៀនស្វាយចូលមកភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តបង្កបានបង្កើន ល្បឿន ក៏ជ្រុលបុកម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងធ្វើដំណើរ នៅខាងមុខរថយន្ត អែបចិញ្ចើមថ្នល់ផងនោះ បណ្តាលឲ្យបើកម៉ូតូដួលបោកក្បាលស្លាប់ និងអ្នកជិះពីក្រោយ រងរបួសធ្ងន់ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 1A-3119 ធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ដោយជិះក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១ ក្នុងទិសដៅស្របគ្នា ពីកើតទៅលិច បានបើកយ៉ាងលឿន លុះមកចំណុចមុខ ខារ៉ាអូខេ កូប្រា ២ ក៏ជ្រុលចង្កូតទៅបុកម៉ូតូស្មាស ពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់ម្នាក់និងរងរបួសធ្ងន់ធ្ងរម្នាក់ ចំណែក ឯម៉ូតូត្រូវរងការខូចខាតទាំងស្រុង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ ស៊ិន ហ៊ុន អាយុ២៦ឆ្នាំ ស្នាក់នៅ ក្នុង ភូមិ ព្រែកជាងព្រំ សង្កាត់ វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងម្នាក់ដែលរងរបួស់ធ្ងន់ ឈ្មោះ ដូរី អាយុ២៣ ឆ្នាំ ស្នាក់នៅក្បែរគ្នា ។ បន្ទាប់ពីកើតហេតុ រថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ ហៅរថយន្តសាមុយ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯសព បុរសរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអូស យកទៅរក្សាការិយាល័យ រាជធានីភ្នំពេញ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]