ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកអធិការ ហ៊ុន សុធី ដោយអនុវត្ដតាមដីកាបញ្ជា ឱ្យចាប់ខ្លួន របស់តុលាការបានឃាត់ខ្លួនជន សង្ស័យម្នាក់ នៅមជ្ឈមណ្ឌលកំសាន្ដកោះ ពេជ្រ កាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ ដោយជាប់ ពាក់ព័ន្ធនឹងសកម្មភាពបាញ់ប្លន់ យកស្បោង លុយ និងទូរស័ព្ទពីនារី ២នាក់ កាលពីជាង ១០ថ្ងៃមុន ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ខាងលើនេះ ឈ្មោះ សោម រស្មីអារុណ ហៅ ទុន ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះ លេខ ២១៣ អឺសូន្យ ផ្លូវលេខ ១៩ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ ហើយពេលឃាត់ ខ្លួននេះ សមត្ថកិច្ចបានដក ហូតម៉ូតូ១ គ្រឿង ម៉ាកសេ ១២៥ ស៊េរី ២០១៤ គ្មានស្លាក លេខ ។

បើតាមមន្ដ្រី នគរបាលព្រហ្មទណ្ឌការ ឈានទៅដល់ចាប់ខ្លួនជនសង្ស័យរូបនេះ បានកើតឡើង ដោយសារតែជនសង្ស័យ បានធ្វើសកម្មភាព បាញ់គំរាម មួយគ្រាប់ ប្លន់យកលុយ ៤០០ដុល្លារ ទូរស័ព្ទដៃ អាយ ហ្វូន៥ ពីរគ្រឿង និងលុយម៉ាឡេស៊ី ៣០០ រីងហ្គីត ពីនារី ២នាក់ ពេលកំពុង ជជែកគ្នា រង់ចាំមិត្ដភ័ក្ដិ កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះលេខ ១០០អឺសូន្យ ផ្លូវ លេខ ១៣៦ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌ ដូនពេញ ។

ជនរងគ្រោះដែលត្រូវជនសង្ស័យធ្វើ សកម្មភាពភ្ជង់ប្លន់នេះ ឈ្មោះ មុំ ឃែ អាយុ ២០ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូន ពេញ ។ បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅតុលាការ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]