-សពអ្នកបើកយន្តហោះ ជនជាតិខ្មែរ នឹងបញ្ជូនមកដល់ស្រុក នៅថ្ងៃនេះ

ភ្នំពេញ៖ រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូននៅប្រទេសឡាវ បានប្រាប់សារព័ត៌មាន ស៊ិនហួរថា រដ្ឋាភិបាលឡាវ និងក្រុមហ៊ុននឹងផ្តល់ សំណង ដល់ជនរងគ្រោះទាំងអស់ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ជិតដល់ព្រលានយន្តប៉ាក់សេ ដោយសារអាកាសធាតុអាក្រក់។

លោក Pholsena រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូននៅប្រទេសឡាវ បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលឡាវនឹងសន្យាផ្តល់ប្រាក់សំណង ដល់ជនរងគ្រោះ ហើយតំណាងឲ្យរដ្ឋាភិបាលឡាវ សូមចូលរូមរំលែកទុកដល់ក្រុមគ្រួសារ។ លោកថា “ ឡាវនឹងខំឲ្យអស់ពីសមត្ថិភាព ដើម្បីដើម្បី ស្វែងរកសពជនរងគ្រោះ”។

យោងទៅតាមនាយកអាកាសចរឡាវ លោក Yakao Lopangkao និយាយថា រហូតមកទល់ពេលនេះ សពចំនួន៣០ ក្នុងចំណោម ៤៩នាក់ ត្រូវបាន រកឃើញ ដែលបានជិះក្នុងយន្តហោះ Loa Airlines ប្រភេទ QV301 ក្នុងនោះ ២០នាក់ ត្រូវបានស្គាល់អត្តសញ្ញាណ។

លោករដ្ឋមន្រ្តីបាននិយាយថា ថ្មីៗនេះរដ្ឋាភិបាល កំពុងធ្វើការជាមួយក្រុមហ៊ុនធានារ៉ាប់រង ដើម្បីធ្វើការលើរឿងនេះ ក្នុងការផ្តល់ប្រាក់សំណងដល់ ជនរងគ្រោះ ទាំងអស់។ ជាមួយគ្នានេះដែរ ក្រុមគ្រួសារជនរងគ្រោះ អ្នកបើកបរយន្ដហោះ ដែលបានធ្លាក់ស្លាប់នៅប្រទេសឡាវនោះ បានទៅដល់ កន្លែងកើតហេតុ ហើយសពនឹងបញ្ជូនមកដល់ស្រុកកំណើតនៅថ្ងៃនេះ។

លោក ធឿន ស៊ីណា ជាក្មួយជនរងគ្រោះ បានថ្លែងឲ្យដឹង ថា លោក យ៉ុង សាន វ័យ ៥៦ឆ្នាំ ដែលជាពូរបស់គាត់ ពិតជាបានស្ថិត នៅលើយន្ដហោះ ដែលជួបឧប្បតិ្ដហេតុធ្លាក់ នៅក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ នោះមែន, ហើយកាលពីម្សិលមិញ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានទៅដល់ កន្លែងកើតហេតុ ដើម្បីត្រៀមទទួលយកសព មកធ្វើពិធីបុណ្យ នៅឯស្រុកកំណើត ហើយសពត្រូវបានរកឃើញនឹងបញ្ជូន មកដល់ស្រុកកំណើត នៅថ្ងៃនេះ។

លោក យ៉ុង សាន មានស្រុកកំណើត នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល មានកូន ៣នាក់ ក្នុងនោះស្រី ២ និងប្រុសម្នាក់ ចំណែកប្រពន្ធជាអ្នកចំការ។

បើតាមសាច់ញាតិរបស់លោក យ៉ុង សាន បានឲ្យដឹងថា លោក យ៉ុង សាន បានបញ្ចប់ការសិក្សាជំនាញហោះហើរនៅ ប្រទេសបារាំង ហើយលោកបានចូល បម្រើការងារនៅក្រុមហ៊ុនអាកាសចរណ៍របស់ខ្មែរ Royal Air Cambodge ។ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Royal Air Cambodge បានក្ស័យធន នៅឆ្នាំ២០១១ លោកបានសម្រេចចិត្ត ចូលបម្រើការឲ្យទ័ពអាកាស និងជាអ្នកបើកយន្តហោះ VIP ឲ្យរាជរដ្ឋាភិបាល។

លុះក្រោយមកទៀត លោក យ៉ុង សាន ត្រូវបានក្រុមហ៊ុនអាកាសចរណ៍មួយក្នុងប្រទេសឡាវ ហៅឲ្យចូលបម្រើការជា អាកាសយានិក ដោយទទួលបានប្រាក់ខែ ប្រហែលពី៥ ទៅ៦ពាន់ដុល្លារអាមេរិកក្នុងមួយខែ ហើយក៏មានប្រាក់ធា នារ៉ាប់រងមួយចំនួនទៀតផងដែរ។

សូមជម្រាបថា យន្តហោះ បានធ្លាក់នៅ វេលាម៉ោង ១៥ និង ៥៥នាទី យន្តហោះ ប្រភេទ QV301 បានហោះហើរ ពីទីក្រុងវៀងច័ន្ទ សំដៅ ទៅខេត្ត ចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ តែបានធ្លាក់ទៅក្នុងទន្លេមេគង្គ ស្ថិតនៅក្រុង ប៉ាកសេ ដោយសារតែអាកាសធាតុអាក្រក់។

អ្នកដំណើរចម្រុះជាតិសាសន៍ មាន ឡាវ, បារំាង, ចិន, កូរ៉េខាងត្បូង, ថៃ, វៀតណាម, អាម៉េរិក, អូស្ត្រាលី, កាណា, ម៉ាឡេស៊ី និងកម្ពុជាម្នាក់ជាអ្នក បើកបរយន្តហោះ ដោយក្នុងនោះជនជាតិឡាវ មានច្រើនជាងគេ រហូតដល់ ១៧ នាក់ ត្រូវបានគេរាយការណ៍ស្ថិត នៅក្នុងយន្តហោះដែលបាន ធ្លាក់ នោះ រួមជាមួយអ្នក បើកបរ យន្ដហោះ ២នាក់, អ្នកជំនាញការម៉ាស៊ីនម្នាក់, និងអ្នកបម្រើ ២នាក់ ហើយសរុបអ្នកជិះលើ យន្តហោះទាំងអស់ មាន ៤៩ នាក់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]