ភ្នំពេញៈ កីឡាករប្រដាល់កម្ពុជា ឃីម ឌីមា ឈ្នះហើយជាមួយនឹង ការប្រើរយៈពេលត្រឹមតែ ៨នាទីប៉ុណ្ណោះ ដើម្បីផ្តួល កីឡាករជើងខ្លាំង របស់ហ្វីលីពីន ដែលមានឈ្មោះថា Rene Catalan អម្ប៉ាញ់មិញនេះនៅ សិង្ហបុរីពីក្នុងព្រឹត្តិការណ៍ ប្រកួតជម្រុះវាយ ដាក់ទ្រុងរបស់ ONE FC ឆ្នាំ២០១៣នៅលើសង្វៀន Singapore Indoor Arena ។

ការប្រកួតនៅក្នុងទឹកទី១ ដែលមានរយៈពេល ៥នាទី ទាំង ឌីម៉ា និង Rene បានត្រឹមតែស្ទាបស្ទង់ សមត្ថភាព ពីគ្នាទៅវិញ ទៅមកតែប៉ុណ្ណោះ តែលុះចូលដល់ ទឹកទី២ កីឡាករដែល មានវ័យ២១ឆ្នាំ ឌីម៉ា ត្រូវបាន Rene សង្កត់ជាប់ និងនៅ ពីលើអស់រយៈពេលជាង៣០វិនាទី ដោយពុំមានចលនាអ្វីនោះ អាជ្ញាកណ្តាល ក៏សម្រេចបំបែកតែម្តង(លក្ខខណ្ឌ) ដែលធ្វើឲ្យឌីម៉ា មានឱកាសសម្រុក និងសង្កត់ពីលើ Rene វិញ ថែមទាំង បានពុះកែងជាច្រើនផងដែរ ដែលអាចធ្វើឲ្យកីឡាករ ហ្វីលីពីន ប្រឈម នឹងការបែកជាច្រើនថ្នេរ ប្រសិនបើអាជ្ញា កណ្តាលមិនបញ្ឈប់ការប្រកួតទេនោះ ។

ជាលទ្ធផល ឃីម ឌីម៉ា បានទទួល ជ័យជំនះ ទៅលើកីឡាករហ្វីលីពីន ត្រឹមទឹកទី២ ជាប្រវត្តិសាស្រ្ត លើកទី១ របស់ខ្លួននៅលើឆាក អន្តរជាតិ សម្រាប់កីឡាករ មកពីខេត្តបន្ទាយមានជ័យ នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងប្រភេទទម្ងន់ស្រាល ៥៦,៧គីឡូក្រាម ក្រោយពេលដែល កីឡាកររាមច្បង ឡុង សុភី បានបរាជ័យ ក្រោមថ្វីដៃកីឡាករ ម្ចាស់ផ្ទះឥណ្ឌូនេស៊ី Max Metino នៅក្នុងព្រឹត្តិការណ៍នេះ ដែរកាលពីខែមុន ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]