បាត់ដំបងៈ នគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន ខេត្តបានឃាត់ខ្លួន ជនសង្ស័យស្រី ប្រុស៣នាក់ នៅកន្លែងផ្សេងគ្នា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ នៅចំណុចក្រុមទី១០ ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ បាន២នាក់ និងនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង មានម្នាក់និង រឹបអូសបានម៉ាទឹក កក សរុប២កន្លែងផ្សេងគ្នាមាន២.៩៨ក្រាម រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ខេត្តនៅ ព្រឹកថ្ងៃទី១៩ ខែតុលានេះ ដើម្បីចាត់ការតាមច្បាប់ ។

លោក សុខ និមល នាយផ្នែកបង្រ្កាប នៃការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបានឲ្យដឹងថា លើកទី១ នៅវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី១៧ ខែតុលា នៅចំណុចក្រុមទី១៦ ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង កម្លាំងជំនាញយើង បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុង បទល្មើសជាក់ស្តែង ឈ្មោះ ខុន ស៊ីថាវ ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរក្រុងបាត់ដំបង និងរឹប អូស បានម៉ាទឹកកក ក្នុងខ្លួន ១កូនថង់ស្មើនិង០.១៣ក្រាម រួចឆែកឆេរកឃើញក្នុង បន្ទប់ជួល៤ថង់តូច ស្មើនិង០.៦៥ក្រាមទៀតសរុប០.៧៨ក្រាម។

លើកទី២នៅ វេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១៧ ខែតុលា ដដែលនៅចំណុច ក្រុមទី១០ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំង ជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់មាន៖ទី១ឈ្មោះ ចក់ ចិន្តា ភេទស្រីអាយុ៣៦ឆ្នាំ រស់នៅក្រុមទី៤ ភូមិដំណាក់ហ្លួងសង្កាត់ វត្តគរក្រុងបាត់ ដំបងនិងទី២ ឈ្មោះ ហួត បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្រុមទី២៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង និងរឹប អូស បានម៉ាទឹកកក១កូនថង់ ស្មើនិង២.២០ក្រាម ខណៈពួកគេកំពុងចែកចាយជាក់ស្តែង។

ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួនទើបនិងបានរកស៊ីចែកចាយ ថ្នាំញៀននេះ បានជិត១ ខែប៉ុណ្ណោះក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង។

លោក ខៀវ ឈឿត នាយស្តីទីការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា លទ្ធផលបង្រ្កាបករណី ចែកចាយថ្នាំញៀនទាំង២កន្លែង ផ្សេងគ្នានេះ សរុបស្មើនិង២.៩៨ក្រាម និងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្ន ការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួននិងវត្ថុតាង ទៅតុលាការខេត្ត ដើម្បី ចាត់ការតាមច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]