ខេត្តឧត្តរមានជ័យ ៖ ក្នុងរយៈពេល២ទៅ៣ថ្ងៃកន្លងទៅនេះ នៅខេត្តឧត្តរមានជ័យមានធ្លាក់ភ្លៀងផ្ទួនៗ គ្នាបង្កឱ្យទឹកភ្លៀងជន់លិចស្ពានអូរជីក ហៅស្ពានតាមុ៉ក ។ នេះជាការជន់លិចលើកទី២ហើយសម្រាប់ស្ពាន ដែលបានសាងសង់ឡើងដោយអតីតេមដឹក នាំខ្មែរក្រហមនៅអន្លង់វែង គឺតាមុ៉ក ។ ឆ្លងកាត់ការជន់លិចជាបន្តបន្ទាប់នេះ គេក៏កំពុងសិក្សាថា តើនឹងមានការសាងសង់ស្ពានថ្មីជំនួស ដែរឬបែបណានាពេលអនាគត ។

ស្ពានអូរជីក ឬស្ពានតាមុ៉ក ស្ថិតនៅក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង បានត្រូវទឹកជន់លិចនារសៀលថ្ងៃទី១៧ តុលា ។ ប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែងនិយាយថា នៅក្នុងឆ្នាំ២០១៣នេះទឹកភ្លៀងបានធ្លាក់ជោកជាំខ្លាំងជាងឆ្នាំមុនៗ បង្កឱ្យទឹកជន់លិចផ្លូវជាតិ ផ្លូវលំ និងលំនៅឋានប្រជាពលរដ្ឋអស់ជាច្រើន ខ្នងនៅក្នុងខេត្តឧត្តរមានជ័យ ។ លើសពីនេះ នៅតាមបណ្តាខេត្តផ្សេងៗទៀតទឹកជំនន់ បានវាយលុករហូតបាត់បង់ដល់ទ្រព្យសម្បត្តិ និងឈានទៅដល់ស្លាប់បាត់បង់ជីវិត ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ដោយគ្រោះធម្មជាតិនេះ ។

ប្រជាពលរដ្ឋនិយាយទៀតថា ទឹកជំនន់ក្នុងឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ។ ជាក់ស្តែង នៅចំណុចស្ពានអូរជីកហៅស្ពានតាមុ៉ក ពុំធ្លាប់កើតមានទឹកជំនន់លិចស្ពាន រហូតដល់២ដងដូចឆ្នាំនេះទេ ។ មន្ត្រីរាជការបម្រើការងារក្នុងស្រុកនិយាយថា បើភ្លៀងនៅតែបន្តធ្លាក់ទៀតនោះ គឺស្ពានអូរជីកអាចជន់លិចបង្កឱ្យរាំងស្ទះផ្ នែកចរាចរណ៍ដូចកាលពីក្នុងខែកញ្ញាកន្លងទៅ នេះជាក់ជាមិនខានឡើយ ។
ជាការពិតណាស់ ស្ថានភាពប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប្រែប្រួលរដូវកាលពីមួយឆ្នាំទៅមួយឆ្នាំ ។

ការធ្លាក់ភ្លៀងជោកជាំក្នុងខែកញ្ញា  គឺឥទ្ធិពលព្យុះដែលបង្កជាវិសម្ពាធបន្តបន្ទាប់ ហើយពេលនេះឥទ្ធិពលព្យុះទី២៥ ឈ្មោះណារីបានបង្កឱ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ និងនៅចំពោះមុខនេះព្យុះទី២៦ ក៏កំពុងតែខិតមកកៀកនឹងសមុទ្រចិនខាងត្បូង ដែលនឹងជះឥទ្ធិពលតិចឬច្រើនមកលើកម្ពុជាបន្តទៀត ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]