រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងសាច់សខ្ចីម្នាក់បានអះអាងថា មានវិបត្តិស្នេហា ព្រោះសង្សារបែកចិត្តទៅមានស្រីថ្មី ហើយដោយតូចចិត្តនឹងខ្លួនឯង ក៏ធ្វើដំណើរទៅលោតទឹកសម្លាប់ ខ្លួនពីលើស្ពានជ្រោយចង្វា ។ ទោះជាយ៉ាងណា ការប៉ងធ្វើអត្តឃាតនេះពុំបាន ស្លាប់ដូចបំណងឡើយ ដោយសារតែនាងចេះហែលទឹក ក៏ហែលទៅតោងអតីតរង្គសាលគង្គា ដែលជានាវាបណ្តែតទឹកចតចោលនៅច្រាំង ទន្លេក្បែរកំពង់ផែស្វយ័តក្រុងភ្នំពេញ ហើយត្រូវនគរបាលអង្គភាព ការពារគោលដៅទី៣ ចេញទូកទៅជួយស្រង់សង្គ្រោះទាន់ ។

ហេតុការណ៍លោតទឹកសម្លាប់ខ្លួននេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹកថ្ងៃទី១៨ តុលា ។ រីឯស្ត្រីវ័យក្មេងដែលពុំចង់រស់ ព្រោះតែបេះដូង រហែកនេះឈ្មោះ ថោង បញ្ញា អាយុ២៤ឆ្នាំ ជាជាងអ៊ុតសក់ មានទីលំនៅភូមិព្រៃសិលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមមន្ត្រីនគរបាលការពារ ស្ពានជ្រោយចង្វាបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរូបនេះធ្វើដំណើរដោយថ្មើរជើង ឡើងស្ពានជ្រោយចង្វាពីលិចទៅកើត លុះពេលទៅដល់កណ្តាលស្ពាន ក៏បានតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេតែម្តង ។ បន្ទាប់ពីលោតធ្លាក់ចូលក្នុងទន្លេ ដោយសារចេះហែល និងប្រហែលខ្លាចស្លាប់ផង ហែលបណ្តែតខ្លួន ស្ត្រីរូបនេះបានអណ្តែតរសាត់តាមខ្សែទឹកហូរ ហើយហែលទៅតោងអតីតរង្គសាលគង្គា ដែលចតទុកចោលនៅខាងត្បូងស្ពាន និងត្រូវនគរបាល រួមទាំងបងប្អូនខ្មែរអ៊ិស្លាមចេញទូក ទៅជួយស្រង់ រួចបញ្ជូនមកអង្គភាពដើម្បីសាកសួរ ។

នៅចំពោះមុខមន្ត្រីនគរបាល ស្ត្រីរូបនេះនិយាយថា មូលហេតុដែលនាងលោតទឹកសម្លាប់ខ្លួន ដោយសារតែមានវិបត្តិស្នេហាតូចចិត្តខ្លួនឯងដែល សង្សារបែកចិត្តទៅមានស្រីថ្មី ។ កន្លងមកនាងមានទំនាក់ទំនងស្រឡាញ់គ្នា ជាមួយបុរសម្នាក់ឈ្មោះកា រយៈពេលជិត២ឆ្នាំ ស្រាប់តែពេលថ្មីៗនេះបុរសម្នាក់នោះ បែកចិត្តទៅស្រឡាញ់ស្រីផ្សេង ។ ចាប់តាំងពីពេលនោះមកនាងពិបាកចិត្តជាខ្លាំង បានលេបថ្នាំសម្លាប់ខ្លួនជាច្រើនលើក និងធ្លាប់អារដៃសម្លាប់ខ្លួនទៀតផង តែមិនស្លាប់ ក៏បានជិះម៉ូតូឌុបមកឈប់តាមផ្លូវលេខ៧០ រួចធ្វើដំណើរដោយថ្មើរជើងទៅ លោតទឹកសម្លាប់ខ្លួនពីលើស្ពានតែម្តង ក្រែងលោបានស្លាប់ដូចបំណង ។ នៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃដដែលនោះ នគរបាលបានទាក់ទងទៅម្តាយ របស់នាងដើម្បីឱ្យមកយកត្រឡប់ទៅផ្ទះវិញ ។

តាមស្ត្រីជាម្តាយឈ្មោះ ជា សាវឿន អាយុ៤២ឆ្នាំឱ្យដឹងថា រយៈពេលប្រមាណមួយ អាទិត្យមកហើយដែលកូនស្រីរបស់គាត់ពិបាកចិត្ត ដោយសារតែសង្សាររបស់នាងបែកចិត្ត ។ ជាមួយនេះ នាងបានលេបថ្នាំសម្លាប់ខ្លួន និងប្រើប្រាស់គ្រឿងញៀនទៀត ហើយឪពុកម្តាយបានណែនាំ និងស្តីបន្ទោសបន្តិចបន្តួច ក៏មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយ ចង្វាតែម្តង ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]