ខេត្តបាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះ លំនៅឋានស្ត្រីមេម៉ាយម្នាក់យ៉ាងសន្ធោសន្ធៅ ហើយអ្វីដែលគួរឱ្យសង្វេគនោះគឺ កូនប្រុសវ័យ២០ឆ្នាំម្នាក់ ដែលមានរោគសរសៃប្រសាទ ត្រូវស្លាប់ក្នុងអណ្តាតភ្លើង ជាមួយនឹងទ្រព្យសម្បត្តិ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៨តុលា នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ផ្ទះដែលរងគ្រោះដោយអគ្គិភ័យនេះ ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ មានម្ចាស់ឈ្មោះ ផែន ឈុនលន់ អាយុជាង៥០ឆ្នាំ ជាស្ត្រីមេម៉ាយ មានមុខរបរធ្វើចេកឆាបលក់ និងមានកូនប្រុសម្នាក់ឈ្មោះ ផែន សុភ័ក្រ្ត អាយុ២០ឆ្នាំ ដែលមានរោគសរសៃប្រសាទ ។ មន្ត្រីដដែលបន្តថា អគ្គិភ័យនេះបានកើតឡើងនៅគ្រាដែលម្តាយ និងកូនប្រុសកំពុងដេកលង់លក់ ដោយគ្មានអ្នកណាបានដឹងពីមូលហេតុ ឡើយ រាប់ទាំងម្ចាស់ផ្ទះផង។

តាមអ្នកស្រី ផែន ឈុនលន់ ជាម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា គាត់មិនបានដឹងថា ភ្លើងឆេះផ្ទះទេ លុះត្រាតែភ្លើងឆេះខ្លាំងទៅហើយ ទើបដឹង ។ គ្រានោះទាំងរូបគាត់ ទាំងកូនប្រុសសុទ្ធតែដេកលក់ទាំងអស់គ្នា ប៉ុន្តែអ្នកស្រីស្មានថា កូនប្រុសរត់រួចចេញពីផ្ទះ លុះរកមិនឃើញទើបដឹងថា កូនប្រុសគាត់បានស្លាប់ក្នុងភ្លើងយ៉ាងខ្លោចផ្សារបំផុត ។ អ្នកស្រីបញ្ជាក់ថា អគ្គិភ័យនេះកើតឡើងលឿនបំផុត សូម្បីតែអ្នកជិតខាង និងរថយន្តពន្លត់អគ្គិភ័យរបស់ សមត្ថកិច្ចក៏មកជួយមិនទាន់ដែរ ។

មន្ត្រីពន្លត់អគ្គិភ័យនិយាយថា ករណីភ្លើងឆេះផ្ទះនេះ នៅតែមិនអាចដឹងពីមូលេហតុឡើយ បើទោះបីមានសាក្សីមួយចំនួន បានមកជួយអន្តរាគមន៍ពីដំបូងក្តី ម៉្យាងផ្ទះស្ត្រីមេម៉ាយខាងលើនេះ មិនមានប្រើប្រាស់ភ្លើងអគ្គិសនីទេ ហើយក៏មិនមានភ្លើងអ្វីដែលគួរឱ្យសង្ស័យដែរ ។ មន្ត្រីដដែលបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការ បាត់បង់ទ្រព្យសម្បត្តិនៅឡើយទេ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]