ខេត្តបន្ទាយមានជ័យ ៖ ក្រោយពេលទឹកជំនន់ស្រករយៈពេល ២ថ្ងៃ នៅក្នុងខេត្តបន្ទាយមានជ័យ គេឃើញមានប្រជានេសាទនាំគ្នា រកត្រីបានដោយបង់សំណាញ់ បោយ សន្ទូច តាមប្រព័ន្ធលូ និងស្ពានទឹកហូរចុះ។

គួររំលឹកថា នៅខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០១៣ គឺរងការលិចលង់ដោយទឹកជំនន់ ២លើក ដែលប៉ះពាល់ដោយទឹកលិចទូទាំង ៩ស្រុក/ក្រុង ហើយនៅលើកទី២ គឺលិចលង់ដោយជំនន់ទឹកធ្លាក់ពីប្រទេសថៃ និងជំនន់ទឹកភ្លៀង បណ្តាលឲ្យប៉ះពាល់ដល់ ផលកសិកម្មមានស្រែ និងចម្ការ និងមានកន្លែងចិញ្ចឹមត្រីជាច្រើនទៀត ត្រូវបានលិច។

ប្រជានេសាទ ដែលរកត្រីតាមស្ពានក្រឡស្រុកមង្គលបូរី បានបា្រប់ឲ្យដឹងថា ក្រោយពេលដែលទឹកស្រករយៈពេល ២ថ្ងៃនេះ ប្រជានេសាទបាននាំគ្នារកត្រីត្រូវ ព្រោះត្រីកំពុងសម្រុកចុះ ដែលបង់សំណាញ់ និងបោយសន្ទូច ១ថ្ងៃ អាចរកត្រីតូចធំបាន ១០ ទៅ ២០គីឡូក្រាម លក់បាន ៥ ទៅ ១០ម៉ឺនរៀល បើប្រៀបធៀបនឹងឆ្នាំមុន គឺត្រីឆ្នាំនេះ ត្រីចុះច្រើនជាង។

លោក ហ៊ី សេងគ្រី នាយសង្កាត់រដ្ឋបាលជលផលមង្គលបូរី បានប្រាប់ថា ទឹកជំនន់ឆ្នាំនេះ បណ្តាលឲ្យលិចស្រះចិញ្ចឹមត្រីនៅក្នុងស្រុកមង្គលបូរី ចំនួន ១១០ស្រះ ដែលហ៊ំព័ន្ធមិនទាន់ ហើយត្រីចេញពីស្រះអស់ ដូចជា ត្រីឆ្ពិន ត្រីទីនឡាប់ផ្យារក្រហម ត្រីប្រា ត្រីឆ្ពោ ត្រីអណ្តែង ត្រីកាប។

លោកបន្តថា ហើយដោយរាជរដ្ឋាភិបាល បានលុបចោលឡូត៍នេសាទទូទាំងប្រទេសផង ត្រីបានកើនឡើង បើសិនមានវិធានការលុបបំបាត់បទល្មើសនេសាទ ខុសច្បាប់នៅរដូវទឹកស្រក ដូចជា បទល្មើសខុសច្បាប់ណរ៉ាវ ឆក់ត្រី និងឧបករណ៍ ដែលហាមឃាត់ឲ្យបាន គឺត្រីកាន់តែកើនឡើងច្រើនទៀត៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]