ខេត្តព្រះសីហនុ ៖ ក្រោយពីមានការដោះដូរ មេអគ្គិសនីខេត្តស្ងាត់ៗ កាលពីពេលថ្មីៗកន្លងទៅនេះ ស្រាប់តែមានការបែក ធ្លាយរឿងអាស្រូវមួយ វាហាក់ដូចជាកាដូមួយស្វាគមន៍មេអគ្គិសនីថ្មី ដែលទើបចូលកាន់ដំណែង ។ នោះគឺជាបំណុលរាប់ពាន់លានរៀល ដែលបានបន្សល់ទុកពីមេអគ្គិសនីចាស់ គឺលោក ជា ពុទ្ធី ដែលត្រូវផ្លាស់ទៅធ្វើជា មេអគ្គិសនីខេត្តកំពង់ចាម និងជំនួសដោយលោក ឈឹម សឿន អតីតមេអគ្គិសនីខេត្តកំពត ។

ដោយសារបំណុលច្រើនពេក មេអគ្គិសនីថ្មីក៏បញ្ជាឱ្យបិទភ្លើង តាមបណ្តាសណ្ឋាគារ កាស៊ីណូ និងអ្នកធ្វើអាជីវកម្មមួយចំនួន ដែលបានដាច់បំណុលអគ្គិសនី ។ ស្រាប់តែបែកធ្លាយរឿងពីអាជីវករ មន្ត្រីរាជការតូចតាច ថា លោក គី វុឌ្ឍី អនុប្រធានអគ្គិសនីខេត្ត បញ្ជាឱ្យកូនចៅដើរកាត់ភ្លើងតែកន្លែងរកស៊ីតូចតាច មន្ត្រីរាជការជាដើម ។ តែសណ្ឋាគារ កាស៊ីណូធំៗច្រើនកន្លែង ដែលជំពាក់អគ្គិសនីរាប់ រយលានអត់ដែលកាត់ទេ ទុកធ្វើឆ្នាំងបាយ យកលុយទឹកតែរាប់ពាន់ដុល្លាររៀងរាល់ខែ ។

មន្ត្រីតូចតាចអគ្គិសនីខេត្តបាននិយាយថា លោក គី វុឌ្ឍី អនុប្រធានអគ្គិសនីខេត្ត ក្រៅពីទទួលបន្ទុកអាជីវកម្ម ក៏បានទទួលបន្ទុកកាស៊ីណូផងដែរ ព្រោះគេបានឃើញមេអគ្គិសនីរូបនេះ មានមុខនៅកាស៊ីណូមួយចំនួន ច្រើនជាងនៅធ្វើការប៊ុយរ៉ូ ។ ពេលខ្លះគេឃើញលោក គី វុឌ្ឍី ទៅយកលុយទឹកតែពីកាស៊ីណូ តែពេលខ្លះឃើញលោក គី វុឌ្ឍី ប្រមូលលុយដែលបានពី អំពើពុករលួយផ្សេងៗ រាប់ពាន់ម៉ឺនដុល្លារទៅជួយចេញ ថ្លៃទឹក ថ្លៃភ្លើងកាស៊ីណូទៅវិញ ។ នៅពេលក្រពុលមុខរកលុយឱ្យកាស៊ីណូមិនបាន បញ្ជាកូនចៅឱ្យដើរកាត់ភ្លើងតាមអំពើរចិត្ត ដើម្បីឱ្យគេយកលុយមកសូកប៉ាន់ ហើយបើកវិញភ្លាម ។ ពុតត្បុតអាក្រក់នេះ ត្រូវបានកូនចៅបកអាក្រាតថា មានរាប់ឆ្នាំហើយ ដូច្នេះសូមឱ្យអាជ្ញាធរអគ្គិសនីមេត្តាចាប់អារម្មណ៍ផង ព្រោះបំណុលរដ្ឋ រាប់ពាន់លានត្រូវបានគេប្រើប្រាស់ជាចំណាប់ខ្មាំង ក្នុងការជំរិតទារលុយ ពីអ្នកជំពាក់បំណុលអគ្គិសនី ។ សូមឱ្យមេអគ្គិសនីថ្មី ដែលល្បីថាស្អាតស្អំទើប មកពីខេត្តកំពតនោះ មេត្តាប្រយ័ត្នជាន់ដានចោរ។

យ៉ាងណាក៏ដោយ លោក គី វុឌ្ឍី បានបដិសេធរាល់ការចោទប្រកាន់ និងលើកឡើងខាងលើនេះ ។ បន្ទាប់ពីលេចធ្លាយព័ត៌មាននៅ តាមប្រព័ន្ធផ្សព្វផ្សាយនានារួចមក នៅថ្ងៃទី១៨ តុលា ២០១៣នេះ ប្រភពពីមន្ត្រីអគ្គិសនីបានបង្ហើបឱ្យដឹងទៀតថា នៅពេលនេះអាជ្ញាធរ និងមន្ត្រីថ្នាក់លើបានហៅលោក គី វុឌ្ឍី មកសាកសួរពីដំណើររឿងនេះ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]