កំពត ៖ ស្ដ្រីម្នាក់ បានស្លាប់ពេលដឹក បញ្ជូន ទៅដល់មន្ទីរពេទ្យបង្អែក ខេត្ដកំពត  រីឯប្ដីរបស់ខ្លួន រងរបួសធ្ងន់ ខណៈដែល បុរសជនជាតិ អង់គ្លេសម្នាក់ រងរបួសផង ដែរនោះ ក្រោយពេលដែលពួកគេទាំង ៣ នាក់ បើកម៉ូតូបុកគ្នាពេញមួយទំហឹង កាល ពីវេលាម៉ោង ៧ និង ៣៥នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅផ្លូវចូលកុងស៊ី កប់ខ្មោច លើកំណាត់ផ្លូវពីទីរួមខេត្ដកំពត  ចូលទៅរមនីយដ្ឋានទឹកឈូ ក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្ដកំពត ។

សាច់ញាតិជនរងគ្រោះ ២នាក់ប្ដី-ប្រពន្ធ បាននិយាយថា សពស្ដ្រីរងគ្រោះឈ្មោះ ជា មុំ អាយុ ៤២ឆ្នាំ មុខរបរ កសិករ និងប្ដី ឈ្មោះ ឈុន ជួន ហៅ ស៊ាន់ អាយុ ៤៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ-សង្កាត់កើត ហេតុខាងលើ ។ សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល មានគ្រោះថ្នាក់ ចរាចរណ៍នេះ បុរសជាប្ដីបានបើកម៉ូតូម៉ាក សេ ១២៥ ស៊េរី ២០០៨ ពណ៌ខ្មៅ ពាក់ ស្លាកលេខ កំពត ១សេ ៥៥១៤ ឌុបប្រពន្ធ របស់ខ្លួន លុះដល់ចំណុចកើតហេតុ បានបុក ជាមួយបុរសជនជាតិអង់គ្លេស ពេលកំពុង ជិះម៉ូតូ ។

បុរសជនជាតិអង់គ្លេស ដែលរងរបួស ធ្ងន់ផងដែរនោះ មានឈ្មោះ អូលីវ័រ ហ្គី អាយុ៣២ឆ្នាំ បច្ចុប្បន្នជាអ្នករកស៊ីស្នាក់នៅ ក្នុងរមនីយដ្ឋាន ទឹកឈូ ភូមិស្នំប្រាំពីរ ឃុំ  ម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្ដកំពត ជិះម៉ូតូ ត្រៃពណ៌ស អត់ពាក់ស្លាកលេខ ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីបុរស ជនជាតិអង់គ្លេសបើកម៉ូតូលឿន ហើយ ប្រជែង រថយន្ដធុនធំ១គ្រឿង ស្របទិសគ្នា បណ្ដាលឱ្យបុកជនរងគ្រោះ ២នាក់ប្ដី- ប្រពន្ធ។ក្រោយកើតហេតុម៉ូតូទាំង២គ្រឿង ត្រូវបាននាំយក ទៅរក្សាទុក នៅអធិការ ដ្ឋាននគរបាល ក្រុងកំពត ដើម្បីរង់ចាំការ ដោះស្រាយបន្ដទៀត ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]